ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន Khmer Beverages ចុះ MOU បង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ VIKINGZ WARRIOR MEKONG INVITATIONAL 2025

    BY Liny01 April 27, 2025
    ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន Khmer Beverages ចុះ MOU បង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ VIKINGZ WARRIOR MEKONG INVITATIONAL 2025

    នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន Khmer Beverages ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ VIKINGZ WARRIOR MEKONG INVITATIONAL 2025 ក្រោមវត្តមានឯកឧត្តម លន់ សាមឌី អគ្គលេខាធិកាសហព័ន្ធកីឡាអេឡិចត្រូនិច្ចកម្ពុជា អ្នកឧកញ្ញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន Khmer Beverages និង  លោក ឈុន សំណាង តំណាងក្រុមហ៊ុន T.Y Media។

    ឯកឧត្តម លន់ សាមឌី មានប្រសាសន៍ថា៖ « ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឯកឧត្តមប្រធាន ខ្លួន លោក ផ្ទាល់ និងគ្រួសារ Esports កម្ពុជា លោក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភេសជ្ជៈ VIKINGZ  ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ការណ៍ប្រកួតកីឡាអេឡិចត្រូនិក VIKINGZ WARRIOR MEKONG INVITATIONAL 2025 លើវិញ្ញាសា Mobile Legends: Bang Bang នេះឡើង។ ការប្រកួតនេះគឺស្របទៅតាមផែនការណ៍អភិវឌ្ឍន៍របស់សហព័ន្ធដែលចង់ឲ្យមានការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស រួមមានគ្រូបង្វឹក កីឡាករ កីឡាការិនី មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល។ ជាពិសេសគឺស្របតាមស្មារតីអង្គប្រជុំរវាងសហព័ន្ធកីឡាអេឡិចត្រូនិកតាមបណ្តាប្រទេសដងទន្លេមេគង្គ ដែលធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការរួមមានដូចជា៖ ការប្រកួត ការហ្វឹកហាត់ និងផ្លាស់ប្តូរបទពិសោធន៍ជាដើម »។

    ជាមួយគ្នានេះអ្នកឧកញ៉ា លាង ម៉េង ក្នុងនាមជាងសហស្ថាបនិកក្រុមហ៊ុន Khmer Beverages បានបង្ហាញពីមោទនភាព ដែលបានចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុន T.Y. Media សម្រាប់ដំណើរដ៏វែងឆ្ងាយក្នុងវិស័យ Esports នៅកម្ពុជាហើយក៏មានការប្តេជ្ញាយ៉ាងមុតមាំ បន្តអភិវឌ្ឍន៍វិស័យមួយនេះឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀតដោយនាំមកនូវព្រឹត្តិការណ៍ Esports ផ្សេងៗជាច្រើនទៀតមកកាន់ប្រទេសកម្ពុជា។ Vikingz មានវត្តមាននៅទីនេះមិនមែនក្នុងរយៈពេលខ្លីនោះទេ តែមានចក្ខុវិស័យយ៉ាងវែងឆ្ងាយក្នុងដំណើរមួយនេះហើយ ជឿជាក់ថា វិស័យ Esports នៅកម្ពុជានឹងបន្តរីកចម្រើនថែមទាំងមានសក្ដានុពលយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។

    ជាមួយគ្នានោះដែរ Vikingz និង T.Y Media ក៏បានប្រកាសផ្លូវការអំពីព្រឹត្តិការណ៍ការប្រកួតថ្មីមួយរបស់ក្រុមហ៊ុន Vikingz នោះគឺ Vikingz Mekong Invitational ដែលជាការប្រកួតដ៏ធំមួយកម្រិតអន្តរជាតិដែលមានប្រទេសចូលរួមមកពីកម្ពុជា វៀតណាម ថៃ និងឡាវ។

    គោលបំណងនៃការបង្កើតព្រឹត្តិការណ៍ថ្មីនេះឡើង គឺមែនគ្រាន់តែបង្កើតព្រឹត្តិការណ៍នោះទេប៉ុន្តែជាការបង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់វិស័យ Esports កម្ពុជា។ ព្រឹត្តិការណ៍មួយនេះនឹងផ្តល់ឧកាសដ៏សំខាន់សម្រាប់កីឡាករដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេទៅកាន់អន្តរជាតិ និងការទទួលបានបទពិសោធបន្ថែមដើម្បីជាដើមទុនក្នុងការចូលរួមប្រកួតតំណាងជាតិនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានានាពេលខាងមុខ។

    ឆ្លៀតក្នុងឱកាសដ៏រីករាយនេះផងដែរ អ្នកឧកញ្ញ៉ា លាង ម៉េងក៏បានប្រកាសឧបត្ថម្ភជាថវិការបន្ថែម ២០០០០ ដុល្លារអាមេរិក ប្រសិនអត្តពលិកកីឡាអេឡិចត្រូនិចកម្ពុជាឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអាគ្នេយ៍លើកទី ៣៣ ដែលរៀបចំនៅទឹកដីថៃឆ្នាំ ២០២៥ នេះផងដែរ៕

    Share This Post: