អន្តរជាតិ

បុរសជនជាតិចិនម្នាក់ត្រូវបានប៉ូលិសចាប់ឃុំខ្លួន ដោយសារដាក់ឈ្មោះឱ្យឆ្កែដូចនឹងឈ្មោះភ្នាក់ងាររដ្ឋាភិបាល

BY
autoadmin
May 17, 2019

ចិន៖ ប្រភព BBC បានរាយការណ៍ថា បុរសម្នាក់ត្រូវបានគេឃុំឃាំងនៅក្នុងប្រទេសចិនភាគខាងកើត ដោយសារគាត់បានដាក់ឈ្មោះឆ្កែរបស់គាត់ «ខុសច្បាប់» ។ យោងតាមកាសែតប៉េកាំងជាសារពត៌មានដ៏ពេញនិយមបានឱ្យដឹងថា បុរសម្នាក់នោះមានឈ្មោះថា Ban រស់នៅក្នុងខេត្ត Anhui ភាគខាងកើត ត្រូវបានប៉ូលិសកោះហៅកាលពីថ្ងៃចន្ទ បន្ទាប់ពីគាត់បានបង្ហោះសារលើ WeChat ថា គាត់មានសត្វឆ្កែពីរក្បាលឈ្មោះ Chengguan និង Xieguan ។ ឈ្មោះទាំងនេះបានទាក់ទាញភាពចម្រូងចម្រាស ពីព្រោះឈ្មោះទាំងពីរដូចគ្នាជាមួយនឹងឈ្មោះភ្នាក់ងារស៊ីវិល និងរដ្ឋាភិបាលរបស់ចិន។

«Chengguan» គឺជាឈ្មោះភ្នាក់ងាររដ្ឋាភិបាល ដែលធ្វើការនៅក្នុងតំបន់ទីប្រជុំជនដើម្បីដោះស្រាយឧក្រិដ្ឋកម្មកម្រិតទាប។ ចំណែកឯ «Xieguan» គឺមានន័យថាជាអ្នកធ្វើការសហគមន៍ក្រៅផ្លូវការ ដូចជាជំនួយការចរាចរជាដើម។

កាសែតដដែលបាននិយាយថា លោក Ban បានដាក់ឈ្មោះឱ្យឆ្កែរបស់គាត់ ដើម្បីគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរមិនបានគិតដូចជាគាត់នោះទេ។ ប៉ូលីសនៅសង្កាត់ Yingzhou បាននិយាយថា ពួកគេបានចាប់ផ្តើមការស៊ើបអង្កេតជាបន្ទាន់ទៅលើបុរសនោះ ដោយពួកគេយល់ថាវាជា «ការប្រមាថ… ប្រឆាំងនឹងបុគ្គលិកអនុវត្តច្បាប់»។ ពួកគេបានបន្ថែមទៀតថា «ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធច្បាប់សាធារណរដ្ឋប្រជាមានិតចិនស្តីពីសន្ដិសុខសាធារណៈ» គាត់ត្រូវចំណាយពេល ១០ថ្ងៃ នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងរដ្ឋបាលមួយនៅក្នុងទីក្រុង Xiangyang ។

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: