ឯកឧត្តម ជា សុផារ៉ា នឹងទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ពីរដ្ឋាភិបាលជប៉ុន
(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះបានឱ្យដឹងថា ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ពីរដ្ឋាភិបាលជប៉ុន។

យោងតាមការបង្ហោះរបស់ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា «ការផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម»។
ក្នុងនោះ ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា»៕

