អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ចំនួន ៤០រូប
ឱកាស! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ចំនួន ៤០រូប។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) បានចេញសេចក្តីជូនដំណឹងដល់ និស្សិត អ្នកប្រកប វិជ្ជាជីវៈច្បាប់ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ អ.ជ.ក. នឹងធ្វើការប្រឡងប្រជែងជ្រើសរើសមន្ត្រី សម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ចំនួន ៤០ រូប ដើម្បីមកបម្រើការងារពេញម៉ោងនៅ អ.ជ.ក.។

ក. លក្ខខណ្ឌជ្រើសរើស
១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
២. បេក្ខជនត្រូវមានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យសុំ
៣. បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
៤. បេក្ខជនមិនធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយចេតនាដោយគ្មានការព្យួរទោស។ បញ្ជាក់៖ ត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពដល់បេក្ខជនជាស្ត្រី និងជនជាតិដើមភាគតិច។
ខ. នីតិវិធី និងបែបបទនៃការប្រឡងប្រជែង
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី៣ នឹងត្រូវរៀបចំជា ២ (ពីរ)
ដំណាក់កាលដូចខាងក្រោម៖
ដំណាក់កាលទី១៖ វិញ្ញាសាសរសេរលើមុខវិជ្ជាផ្នែកច្បាប់។
ដំណាក់កាលទី២៖ វិញ្ញាសាសួរផ្ទាល់មាត់លើមុខវិជ្ជាផ្នែកច្បាប់ និងវប្បធម៌ទូទៅ (ចំពោះតែ បេក្ខជនដែលបានប្រឡងជាប់ក្នុងដំណាក់កាលទី១)។
និស្សិត អ្នកប្រកបវិជ្ជាជីវៈច្បាប់ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ អាចមកទទួលយកពាក្យសុំចុះ ឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី៣ នៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. ឬអាចទាញយកពាក្យសុំ តាមរយៈ QR Code ដែលមានបង្ហាញនៅផ្នែកខាងក្រោមនៃសេចក្តីជូនដំណឹងនេះ និង អញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ដែលមានទីតាំងស្ថិតនៅអគាររដ្ឋបាល ពហុបំណងនៃវិស័យយុត្តិធម៌ ក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានអាសយដ្ឋាននៅមហាវិថី ឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។
កាលបរិច្ឆេទនៃការឈប់ទទួលពាក្យសុំ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី។

