អភិបាលខេត្តកែប ណែនាំឱ្យមន្ត្រីជំនាញបង្ការ ទប់ទល់ នឹងក្រុមបង្កចលាចលមួយចំនួនតូច ដែលបង្កភាពអសកម្មដល់សង្គមជាតិ
(ខេត្តកែប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកែបណែនាំឱ្យមន្ត្រីជំនាញបង្ការ ទប់ទល់ នឹងក្រុមបង្កចលាចលមួយចំនួនតូច ដែលបង្ក ភាពអសកម្មដល់សង្គមជាតិ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ណែនាំ ដល់មន្ទីរអង្គភាព ត្រូវធ្វើបុរេសកម្ម ដើម្បីបង្ការ ទប់ទល់ នឹងក្រុមបង្កចលាចលមួយចំនួនតូច ដែលបង្កភាពអសកម្ម ដល់សង្គមជាតិ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តខែបន្ទាប់ ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានដាក់ចេញនូវគោលការណ៍ណែនាំ ដល់អង្គភាពជំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវ ទប់ស្កាត់នូវរាល់ ការផ្សព្វផ្សាយ បែបញុះញង់ បំភ្លៃការពិត តាមបណ្ដាញសង្គម បង្កឱ្យមានភាពចលាចលដល់សង្គមជាតិ ជាដើម។
ក្រៅពីនេះឯកឧត្តមបានប្រាប់ឱ្យកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាប្រចាំ ព្រមទាំងទប់ស្កាត់ឱ្យបាន នូវការរំលោភបំពាន កាន់កាប់ ដីព្រៃឧទ្យាន ដីសាធារណៈរបស់រដ្ឋ ក្នុងនោះដីឯកជនរបស់រដ្ឋក៏ត្រូវ គ្រប់គ្រងឱ្យបានផងដែរ ទន្ទឹមនេះ សូមឱ្យមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមដាំបន្ថែមនៅដើមឈើ និងថែរក្សា សម្អាតអនាម័យបរិស្ថានលើដងផ្លូវតាមមុខសញ្ញារៀងៗខ្លួន ដើម្បីបង្កើនសោភណភាពក្នុងខេត្ត របស់យើង៕




ប្រភព៖ ក្រសួងព័ត៌មាន