កម្ពុជា និងអូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងពិភាក្សាអំពីការតភ្ជាប់ជើងហោះហើរត្រង់
(រាជធានីភ្នំពេញ)៖ យោងងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្ពុជា និងអូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងពិភាក្សាអំពីការតភ្ជាប់ជើងហោះហើរត្រង់។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារដ៏សំខាន់ជាមួយ ឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅរសៀលថ្ងៃនេះ។ ជំនួបនេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ និងការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីអូស្ត្រាលីមកកាន់កម្ពុជា។
នៅក្នុងជំនួបដ៏កក់ក្តៅនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីសារៈសំខាន់នៃការបង្កើតភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរវាងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានសង្កត់ធ្ងន់លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងបរិយាកាសសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាព ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ប្រជាជនអូស្ត្រាលី។
ការពិភាក្សាលើកឡើងអំពីលទ្ធភាពនៃការបង្កើតជើងហោះហើរត្រង់រវាងអូស្ត្រាលី និងកម្ពុជា ត្រូវបានគេមើលឃើញថាជាកត្តាសំខាន់ក្នុងការជំរុញលំហូរភ្ញៀវទេសចរណ៍អូស្ត្រាលីមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីផងដែរ។
ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងអូស្ត្រាលី ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕






ព្រភព៖ ក្រសួងព័ត៌មាន