ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន ព្រឹកមិញនេះ មនុស្ស ២នាក់ បានបាត់បង់ជីវិត និង ៣នាក់ទៀតរបួស
(ខេត្តកំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន ព្រឹកមិញនេះ មនុស្ស ២នាក់ បានបាត់បង់ជីវិត និង ៣នាក់ទៀតរបួស។

ក្នុងនោះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងបន្ថែមថា វេលាម៉ោង ១១:៣៤នាទី នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ កងកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានជួយសម្រួលនីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យមនុស្ស ២នាក់បានស្លាប់ និង ២នាក់ទៀតរបួសធ្ងន់ រីឯអ្នកបើកបររងរបួសស្រាល។ ចំពោះមូលហេតុបណ្ដាលមកពីរថយន្ដបែកកង់ក្រោយ ពេលកំពុងបើកបរ។ បច្ចុប្បន្នកម្លាំងនគរបាល បានជួយសង្រ្គោះដោយសហការពីកំលាំងនាយកដ្ឋាន-ក្រុមហ៊ុនផ្លូវល្បឿនលឿន បានធ្វើការតាមនីតិវិធី៕





