ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ បើកដំណើរការឡើងវិញរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ ក្រោយទាហានថៃ បិទឯកតោភាគី
(ខេត្តព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មាន ថា ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ បើកដំណើរការឡើងវិញរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ ក្រោយទាហានថៃ បិទឯកតោភាគី។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ វេលា ម៉ោង ៩ព្រឹក ភាគីថៃបានបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគីពីសំណាក់កងកម្លាំងសុរៈណារីថៃ ប្រចាំការនៅ ច្រកទ្វារព្រំដែនអានម៉ា (ភាគីថៃ)។
ច្រកទ្វារព្រំដែនអានសេះ បើកដំណើរការដោះដូរទំនិញ រយះពេល ២ថ្ងៃក្នុង ១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍) ដោយមានការផ្លាស់ប្តូរទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ ក្នុងនោះ ប្រជាពលរដ្ឋកម្ពុជានាំយកកសិ ផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឲ្យភាគីថៃ (ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅ…ល) និងភាគីថៃ មានលក់ទឹកសុទ្ធ ដូង មាន់ និងអីវ៉ាន់ចាបហួយមួយចំនួន។
ចំពោះការបិទច្រកនេះ គឺមិនមានភាគីណាមួយចំណេញនោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឱ្យអាជីវករ ទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ផលប្រយោជន៍ ដែលតាមការពិនិត្យជាក់ស្តែងឃើញថា អាជីវករថៃ មានការខាតបង់ច្រើនជាង៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ