កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆ-ក់ចំនួន ៤នាក់ ក្រោយធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆ-ក់ចំនួន ៤នាក់ ក្រោយធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៨៖៤០នាទី នៅចំណុចមុខអាផាតមិនផាមហោស៍ ផ្លូវ៦៣ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានជនសង្ស័យចំនួន០៣នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1LJ-0371 បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីជនរងគ្រោះឈ្មោះ EMMA BOOCK JENSEN ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិដាណាម៉ាក។ សម្ភារៈបាត់បង់រួមមាន៖
១.លិខិតឆ្លងដែន០១ក្បាល
២.ទូរស័ព្ទ០១គ្រឿង ម៉ាកIPHONE 15 PRO ពណ៌ស
៣.លុយខ្មែរចំនួនប្រហែល៣០មឺនរៀល
៤.លុយដុល្លារចំនួនប្រហែល ៨០ដុល្លារអាមេរិក
៥.កាតធនាគារDarsk Bank មួយចំនួន០១សន្លឹក។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ឆាន់ គីមលី និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌច្បារអំពៅ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។
លុះនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ២១៖៤០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ រួមមាន៖
-ទី១.ឈ្មោះ ផុន សិលា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
-ទី២.ឈ្មោះ វ័ន្ត ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ
-ទី៣.ឈ្មោះ ពង្ស ផែន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ
-ទី៤.ឈ្មោះ រុំ ម៉ៃ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីសាកសួរជនសង្សយ័ទាំង៣ បានឆ្លើយសារភាពដូចគ្នាថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូស្កុបពីពណ៌ខ្មៅឆក់កាបូបនារីរងគ្រោះជនជាតិបរទេសពិតប្រាកដមែន។ ប៉ុន្តែវត្ថុតាងពួកខ្លួនបានយកទៅបោះចោលអស់ហើយ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កសាងសំណុំរឿងតាមនីតិវិធីបន្ត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ