ក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជា-ថៃ នៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួន ៥នាក់
- BY
- soknita
- May 9, 2025
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ដែលបានបញ្ជាក់ថា កម្ពុជា និងថៃ នៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ដដែល ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួន ៥នាក់។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ ជូនជាដំណឹងដល់សាធារណជនឱ្យបានដឹងថា កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការ រក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួននៅទីតាំងដដែលតាមបណ្តោយព្រំដែន។ ក្នុងន័យនេះ ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកង កម្លាំងចំនួនប្រាំនាក់។ ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ។
ក្រសួងការពារជាតិ ធ្វើការច្រានចោល ចំពោះមូលដ្ឋានមិនពិត ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា៕
ប្រភព ក្រសួងការពារជាតិ
- Share This Post: