ស្ថានីយជញ្ជីងព្រែកហូរ ត្រូវបានប្តូរទៅទីតាំងថ្មីនៅលើមហាវិថី ស៊ី ជីនពីង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
- BY
- soknita
- May 9, 2025
(រាជធានីភ្នំពេញ) ៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទី ៩ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ថានីយជញ្ជីងព្រែកហូរ ត្រូវបានប្តូរទៅទីតាំងថ្មីនៅលើមហាវិថី ស៊ី ជីនពីង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារប្តូរទីតាំងជញ្ជីង និងសម្ភារផ្សេងៗរបស់ស្ថានីយទៅទីតាំងថ្មី ស្ថិតនៅលើមហាវិថី ស៊ី ជីនពីង គីឡូម៉ែត្រលេខ៣៥ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានទៅពិនិត្យទីតាំងថ្មីខាងលើ និងបានណែនាំដល់ក្រុមការងារបច្ចេកទេស ចាប់ផ្តើមដំណើរការសាងសង់ស្ថានីយឱ្យបានលឿន ព្រមទាំងពិនិត្យលើលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវសម្រាប់ដាក់ជញ្ជីងផ្លូវចេញ-ចូលរថយន្តចូលថ្លឹង ដើម្បីផ្តល់ភាពងាយស្រួល និងបញ្ចៀសនូវការរំខានដល់ចរាចរណ៍ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
គោលបំណងនៃការប្តូរទីតាំងស្ថានីយ គឺដើម្បីបង្កើនប្រសិទ្ធភាពការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ នៅលើមហាវិថី ស៊ី ជីនពីង៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- Share This Post: