ព័ត៌មានជាតិ

នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន បង្រ្កាបជនសង្ស័យ ២នាក់ ករណីឆ-ក់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស

BY
soknita
May 10, 2025

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន បង្រ្កាបជនសង្ស័យ ២នាក់ ករណីឆក់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។

តាមការបញ្ជាក់របស់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់និងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយលោកវរសឹនីយ៍ទោ ហួរ ម៉េងហួន អធិការខណ្ឌចំការមន បានអនុវត្តតាមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ នៅវេលាម៉ោង ១១:២០នាទី នៅក្នុងខណ្ឌចំការមន ក្រោយទទួលបានដំណឹងថា កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥ នៅចំណុចមុខក្លឹបULTRA ស្ថិតក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រព្រឹត្តដោយជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម ៖

– ឈ្មោះ គឿន គុណ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)។ (ជាជនដៃដល់ និងជាមុខសញ្ញាថ្មី)

– ឈ្មោះ លី ហ្វាស៊ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ (ជាអ្នកបិទគូទពីក្រោយ និងជាមុខសញ្ញាចាស់)

ចំពោះសម្ភារវត្ថុតាងចាប់ដកហូតបានរួមមាន ៖

– ម៉ូតូធ្វើសកម្មភាព ចំនួន០២គ្រឿង (ម៉ាកស្គុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JC-4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1LI-8243)

– កូនកាបូបដៃធ្វើអំពីក្រណាត់ពណ៍ប្រផេះ ចំនួន ០១ (ផលនៃបទល្មើស)

– លិខិតឆ្លងដែន ចំនួន ០២ក្បាល

– កាតការងារជនបរទេស ចំនួន០១

– អត្តសញ្ញាណបណ្ណប្រជាពលរដ្ឋចិន ចំនួន ០៣សន្លឹក និងប័ណ្ណបើកបរជនបរទេស ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួបញ្ជាក់ផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា ២លានរៀល លើកទឹកចិត្តជូននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន ដែលបង្រ្កាបជនសង្ស័យ ២នាក់ ពីអំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរនិងជនបរទេស៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: