ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ និងមហោស្រពម្ហូបអាហារកម្ពុជា-ឡាវ-ថៃ-វៀតណាម ក្នុងរដូវកាលបៃតងខែសីហា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប

BY
soknita
May 10, 2025

(រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ និងមហោស្រពម្ហូបអាហារកម្ពុជា-ឡាវ-ថៃ-វៀតណាម ក្នុងរដូវកាលបៃតងខែសីហា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ខាងមុខនេះ។

កាលពីរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារស្តីពីលទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ។

ជាពិសេសក្នុងរដូរកាលបៃតង ជាការជំរុញឱ្យមានភាពងាយស្រួលដល់ការធ្វើដំណើរតាមផ្លូវទឹករវាងប្រទេសទាំងពីរ ព្រឹត្តិការណ៍កីឡាទេសចរណ៍តាមបណ្តាខេត្តជាប់ព្រំដែនជាមួយគ្នា ការជំរុញឱ្យកាន់តែច្រើននូវការហោះហើរត្រង់រវាងតំបន់ទេសចរណ៍នៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ដ៏ធំដែលក្រសួងទេសចរណ៍កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ លើកទី៨ ភ្ជាប់ជាមួយនឹងមហោស្រពម្ហូបអាហារកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងរដូវកាលបៃតង គឺក្នុងខែសីហា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ខាងមុខនេះ៕

ប្រភព៖ ក្រសួងទេសចរណ៍

Share This Post: