ព័ត៌មានជាតិ

មន្ត្រីនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ព្រះសង្ឃ គង់នៅក្នុងវត្តនិគ្រោធវ័ន ជាលើកដំបូង ថ្ងៃចន្ទសប្ដាហ៍ក្រោយ

BY
soknita
May 10, 2025

(រាជធានីភ្នំពេញ)៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា មន្ត្រីនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ព្រះសង្ឃ គង់នៅក្នុងវត្តនិគ្រោធវ័ន (គល់ទទឹង) ជាលើកដំបូង ថ្ងៃចន្ទសប្ដាហ៍ក្រោយ។

តាមការបហ្ជាក់បន្ថែមរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្មនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន ៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ព្រះសង្ឃចំនួន ១២៨អង្គ និងគណកម្មការវត្ត៣២នាក់នៅវត្តគល់ទទឹង កាលពីពេលថ្មីនេះ។ បើតាមរបាយការណ៍ដដែល នៅមានព្រះសង្ឃ និងគណកម្មការវត្ត ចំនួន ៩០អង្គ/នាក់ទៀត ដែលមន្ត្រីបាននិងកំពុងស្នើសុំឯកសារពាក់ព័ន្ធ។

កាលពីព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ចុះពិនិត្យដំណើរការចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃនៅក្នុងវត្តនិគ្រោធវ័ន (គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា ក្រៅពីការចុះចល័តផ្ដល់សេវាតាមគោលដៅ ប្រជាពលរដ្ឋដែលត្រូវការស្នើសុំសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចនិមន្ត និងអញ្ជើញទៅទីតាំងដែលអាចស្នើសុំសេវាបាន រួមមាន នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅផ្សារទំនើបអ៊ីអន២សែនសុខ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ និងនៅតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត៕

ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

Share This Post: