គិតត្រឹមដើមខែឧសភា នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ៣៣,៥០ ភាគរយហើយ
- BY
- soknita
- May 12, 2025
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ៣៣,៥០ ភាគរយហើយ។

តាមកាបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ថា គម្រោងមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើតសម្រេចបាន៖
– ទី ១/ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥ ភាគរយ ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម (ក្នុងចំណោម ១៥៦ដើម) សាងសង់ជើងតាងបាន ៦ជើងតាង (ក្នុងចំណោម ២០ជើងតាង) និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។
– ទី ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥% រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ (ក្នុងចំណោម ១២តួសរសរ) សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន (ក្នុងចំណោម ៥២សរសេរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
ក្នុងរយៈពេលសាងសង់ បើគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៥ នេះ សម្រេចបាន ១៣ខែហើយ ស្មើនឹង ៣១ ភាគរយ នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ៕








ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- Share This Post:






