ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀនមួយនៅប្រទេសអេស្ប៉ាញ បង្ហាត់សិស្សប្រុសៗឱ្យចេះធ្វើកិច្ចការផ្ទះ ដើម្បីឲ្យស្មើភាពគ្នា

    BY autoadmin May 21, 2019
    សាលារៀនមួយនៅប្រទេសអេស្ប៉ាញ បង្ហាត់សិស្សប្រុសៗឱ្យចេះធ្វើកិច្ចការផ្ទះ ដើម្បីឲ្យស្មើភាពគ្នា

    ប្រសិនបើអ្នកនៅមានការចងចាំបានល្អនោះ អ្នកប្រហែលជាធ្លាប់រៀនមុខវិជ្ជា «គេហវិជ្ជា» កាលពីនៅថ្នាក់វិទ្យាល័យជាមិនខាន ដែលមុខវិជ្ជានេះគឺជាធម្មតាសម្រាប់សិស្សស្រី ចំណែកមុខវិជ្ជាជួសជុល គឺសម្រាប់សិស្សប្រុស។ ជាក់ស្ដែងនៅទីក្រុង Vigo ប្រទេសអេស្ប៉ាញ គ្រូ និងអ្នកស្ម័គ្រចិត្ដមួយចំនួន ក៏កំពុងផ្តល់ជូននូវថ្នាក់រៀនបន្ថែមដោយផ្អែកលើកិច្ចការផ្ទះ ជាពិសេសសម្រាប់ក្មេងប្រុសតែម្ដង ប៉ុន្តែវិធីសាស្រ្តនៃការបង្រៀនគឺប្លែកខុសពីមុន។

    ដូចដែលអ្នកទាំងអស់គ្នាអាចមើលឃើញតាមរយៈរូបភាពខាងក្រោមនេះ ដោយមុខវិជ្ជា «គេហវិជ្ជា» នៅឯសាលា Montecastelo នៃប្រទេសអេស្ប៉ាញ បានដាក់រួមបញ្ចូលទាំងការងារផ្ទះដូចជា៖ ការអ៊ុតខោអាវ ដេរប៉ាក់ និងចម្អិនអាហារ ទៅឱ្យសិស្សប្រុសៗ។ ហើយបេសកកម្មនៅពីក្រោយការបង្រៀននេះគឺដើម្បី «កសាងគុណតម្លៃ» ដើម្បីវិសមភាពយែនឌ័រ និងលុបបំបាត់ផ្នត់គំនិតទាក់ទងជាមួយនឹងការងារទាំងនេះ ដែលពីមុនមកយើងតែងតែគិតថា ការងារបែបនេះសម្រាប់តែមនុស្សស្រី។ បាវចនារបស់សាលា Montecastelo គឺ «សមភាពត្រូវរៀនសូត្រជាមួយនឹងការអនុវត្ត» ហើយថ្នាក់បង្រៀនមួយនេះ បានចាប់ផ្តើមតាំងពី ឆ្នាំ២០១៨ មកម៉្លេះ។

    ថ្នាក់បង្រៀននេះក៏មានការបង្រៀនពីសកម្មភាពដោយដៃផ្សេងទៀតដូចជា៖ ជាងឈើ ជាងសំណង់ គ្រឿងបរិក្ខារទឹក និងអគ្គីសនី។ យ៉ាងណាមិញអ្នកសម្របសម្រួលលោក Gabriel Bravo បាននិយាយថា៖ «វាហាក់ដូចជាមានប្រយោជន៍ដល់សិស្សរបស់យើង ក្នុងការរៀនអនុវត្តភារកិច្ចទាំងនេះ ដូច្នេះនៅពេលដែលពួកគេមានគ្រួសារ ពួកគេអាចរួមគ្នាធ្វើកិច្ចការផ្ទះជាមួយគ្នាតាំងពីដើមទី និងត្រូវដឹងថា ការងារផ្ទះជាការងាររបស់អ្នកទាំង ២ វាមិនមែនជាការងាររបស់ស្រ្តីតែម្នាក់ឯងក្នុងការសំអាត លាងចាន ឬអ៊ុតខោអាវនោះទេ» គាត់បានបន្ថែមថា៖ «ធ្វើបែបនេះនឹងអនុញ្ញាតឱ្យពួកគេយល់ដឹង និងរៀនដោះស្រាយបញ្ហាខ្លួនឯងពេលនៅផ្ទះ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ upliftpost

    Share This Post: