ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ​ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

    BY SOMATEY May 12, 2025
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ​ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កោតសរសើរ​ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។

    គួររំលឹកផងដែរថា ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀត នៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បើទោះជាមិនទទួលបានលទ្ធផលវិជ្ជមាន នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ​។

    តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ​ រួមទាំងថ្នាក់ដឹកនាំ របស់ក្លឹបព្រះខ័នរាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ​ រួមទាំងថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ។

    សម្តេចក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងបូករួមទាំងអ្នកដែលបានទៅចូលរួមគាំទ្រដល់ទីតាំងប្រកួត​ចំនួន​ ៥១,៦១០នាក់ និងអ្នកដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ដែលការណ៍នេះ នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដោយប្រកាន់ខ្ពស់លើសីលធម៌ គុណធម៌នៃស្មារតីកីឡាយ៉ាងខ្ជាប់ខ្ជួន។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: