ធនាគារជាតិរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេច ឃ្យូអរ នៅតំបន់ឦសាន្តប្រទេសកម្ពុជា
យោងតាមការជុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ធនាគារជាតិរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេច ឃ្យូអរ នៅតំបន់ឦសាន្តប្រទេសកម្ពុជា។

ធនាគារជាតិនៃកម្ពុជាបានប្រកាសថា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេច ឃ្យូអរនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៅចុងសប្តាហ៍នេះ ដោយមានការប្តូរជូនក្រដាសប្រាក់រៀល ចាស់ ទក់ រហែកប្តូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ការតាំងពិព័រណ៍ និងការប្រគំតន្ត្រីផងដែរ។
សម្រាប់ខេត្តក្រចេះ នឹងរៀបចំនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះពីម៉ោង ៨:០០ នាទីព្រឹក ដល់ ៧ :០០នាទីល្ងាច ដោយបើកអោយប្រជាពលរដ្ឋអញ្ជើញសូមចូលរួមដោយសេរី ខណៈការប្រគុំតន្ត្រីមានការចូលរួមពីតារាចម្រៀងដូចជា កញ្ញារ៉ូលីន កញ្ញាឈីន រតនៈ និងតារាមួយចំនួនទៀត។
សម្រាប់ខេត្តស្ទឹងត្រែង នឹងរៀបចំនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នៅបរិវេណទីលានតេជោសន្តិភាពពីម៉ោង ៨:០០ នាទីព្រឹក ដល់ ៧:០០ នាទីល្ងាច ដោយបើកអោយប្រជាពលរដ្ឋអញ្ជើញសូមចូលរួមដោយសេរី ខណៈការប្រគុំតន្ត្រីមានការចូលរួមពីតារាចម្រៀងដូចជា កញ្ញារ៉ូលីន កញ្ញាឈីន រតនៈ និងតារាមួយចំនួនទៀត។
ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជា ក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និង គោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃ ក្រដាសប្រាក់លើសពី ៧០ភាគរយ។
ការរៀបចំកម្មវិធីផ្សព្វផ្សាយនេះ បានធ្វើឡើងនៅក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃ ការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញថ្ងៃ ២០ មីនា ១៩៨០ – ២០ មីនា ២០២៥។ ការប្រមូលយកនូវ ក្រដាសប្រាក់ចាស់ៗនេះ ក្នុងគោលបំណង ដើម្បីពង្រឹង ជំនឿ ទុកចិត្ត លើ ប្រាក់រៀល ព្រមទាំងដើម្បី គាំទ្រគោលនយោបាយ លើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ក្នុងប្រទេសកម្ពុជា។
ការចរាចរប្រាក់រៀលមានកំណើនជាមធ្យមក្នុងរង្វង់១៥ភាគរយ ក្នុងមួយឆ្នាំៗនៅក្នុងអំឡុងពីរទសវត្សរ៍ចុង ក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ កន្លងមកនេះ៕





ប្រភព៖ ក្រសួងព័ត៌មាន