ត្រីមាសទី១ ឆ្នាំ ២០២៥ នេះ ការិយាល័យច្រកចេញ ចូល ក្រុង ស្រុក ខណ្ឌ ផ្តល់សេវាជូនពលរដ្ឋ ជាង ១លានសេវា និងទទួលបានចំណូលជាង ៣ពាន់លានរៀល
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ត្រីមាសទី១ ឆ្នាំ ២០២៥ នេះ ការិយាល័យច្រកចេញ ចូល ក្រុង ស្រុក ខណ្ឌ ផ្តល់សេវាជូនពលរដ្ឋ ជាង ១លានសេវា និងទទួលបានចំណូលជាង ៣ពាន់លានរៀល។

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ នេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនពលរដ្ឋសរុបចំនួន ១.១៧៦.៤០៦ សេវា នៅទូទាំងប្រទេស និងទទួលបានចំណូលជាង ៣ពាន់លានរៀល។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងចំណោមសេវាផ្តល់ជូនជាង ១លាន នោះ បើប្រៀបធៀបចំនួនសេវាក្នុងវិស័យទាំង១៧ ការងារអត្រានុកូលដ្ឋានបានផ្តល់សេវាច្រើនជាងគេ គឺមានចំនួន ៦២៤.៧១៤ សេវា។ បន្ទាប់មក គឺការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន ៤៦៣.៦៧៩ សេវា ខណៈដែលវិស័យបរិស្ថានបានផ្តល់សេវាតិចជាងគេ ត្រឹមតែ ១សេវាប៉ុណ្ណោះ។
ក្នុងរយៈពេលដូចគ្នានេះ ការិយាល័យច្រកចេញចូលតែមួយទទួលបានចំណូលសរុបចំនួន ៣.៤៩១.០២៥.៣២០រៀល ស្មើនឹង ៨៧២.៧៥៦,៣៣ដុល្លារអាម៉េរិក។ ក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ឃើញថា វិស័យសំណង់ទទួលបានចំណូលខ្ពស់ ជាងគេគឺចំនួន ៩១៦.៨៧៣.៦០០ រៀល បន្ទាប់មកវិស័យសុរិយោដីទទួលបានចំណូលចំនួន ៦១៨.១១០.០០០ រៀល ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្មបាន ទទួលចំណូលចំនួន ១២៥.០០០ រៀល និងវិស័យដែលមិនទទួលបានចំណូលគឺ ការងារអត្រានុកូលដ្ឋាន និង វិស័យធម្មការនិងសាសនា។
គួរបញ្ជាក់ជូនថា ការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ បាននិងកំពុងផ្តល់សេវាជូន ប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧៖
១-វិស័យទេសចរណ៍
២-វិស័យវប្បធម៌
៣-វិស័យពាណិជ្ជកម្ម
៤-វិស័យសាធារណការ
៥-វិស័យឧស្សាហកម្ម
៦-វិស័យសំណង់
៧-វិស័យកសិកម្ម
៨-វិស័យសុខាភិបាល
៩-វិស័យអប់រំ
១០-វិស័យរ៉ែនិងថាមពល
១១-វិស័យបរិស្ថាន
១២-វិស័យការងារ
១៣-វិស័យធម្មការនិងសាសនា
១៤-ការងារអត្រានុកូលដ្ឋាន
១៥-ការងារនីត្យានុកូលកម្ម
១៦-ការងាររដ្ឋបាល
១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕


ប្រភព៖ ក្រសួងព័ត៌មាន