ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មិនចុះចាញ់នឹងវាសនា ត្បិតមានជីវភាពក្រីក្រ តែយុវជនគ្រុឌ សុវណ្ណារ៉ា តស៊ូរៀនរហូតទទួលបាននិទ្ទេសA និងទទួលបានផ្ទះថ្មីមួយខ្នង ជាអំណោយកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

    BY SOMATEY May 14, 2025
    មិនចុះចាញ់នឹងវាសនា ត្បិតមានជីវភាពក្រីក្រ តែយុវជនគ្រុឌ សុវណ្ណារ៉ា តស៊ូរៀនរហូតទទួលបាននិទ្ទេសA និងទទួលបានផ្ទះថ្មីមួយខ្នង ជាអំណោយកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

    យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេករបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ ឯកឧត្តម លោកជំទាវលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុងបាត់ដំបង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នងលេខរៀងទី ១៧ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ យុវជនគ្រុឌ សុវណ្ណារ៉ា អាយុ១៩ ឆ្នាំជាសិស្ស នៃវិទ្យាល័យហ្វារពន្លឺសិល្បៈដែលមានជីវភាពក្រីក្រ និងប្រលងសញ្ញាបត្រមធ្យមសិក្សាទទួលបាននិទ្ទេសA ឆ្នាំ២០២៤ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារ ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

    បើតាមលោក ហឿន ឌឿ អភិបាលក្រុងស្តីទីបានឱ្យដឹងថា ក្រុមគ្រួសារ យុវជនគ្រុឌ សុវណ្ណារ៉ា មានជីវភាពទ័លក្រ មានបងប្អូនចំនួន ០៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌យុវជនរូបនេះ ត្រូវឆ្លៀតពីកាសិក្សានិងជួយម្តាយ រកប្រាក់ចិញ្ចឹមគ្រួសារ និងប្អូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា។ អ្វីដែលគួរឱ្យសរសើរគឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែងកូនច្បងរូបនេះបានខិតខំរៀនរហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A នៅឆ្នាំ ២០២៤កន្លងទៅ។

    ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ ការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ។

    ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។ លើសពីនេះទៅទៀត ឯកឧត្តម បានគូសបញ្ជាក់ថា «បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូ ជំរុញដល់កូនៗរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ»។

    ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងកោតសសើរចំពោះ យុវជនគ្រុឌ សុវណ្ណារ៉ា ទោះបីជាក្មួយមានជីវភាពក្រីក្រ ក៏ដោយ ក៏ក្មួយមានឆន្ទៈ និងទឹកចិត្តតស៊ូក្នុងការរៀនសូត្រ ជួយធ្វើការឪពុកម្តាយផង និងខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងបាននិទ្ទេស (A)និងទទួលបានអាហាររូបរករណ៍បន្តការសិក្សានៅរាធានីភ្នំពេញ ។ ឯកឧត្តមប្រធាន ក៏បានគូសបញ្ជាក់ផងដែរថា៖ «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

    ជាកិច្ចឆ្លើយតប យុវជនគ្រុឌ សុវណ្ណារ៉ា និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។ យុវជនគ្រុឌ សុវណ្ណារ៉ា បានប្តេជ្ញាចិត្តថាខិតខំរៀនសូត្របន្តទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។

    សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៧ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។សូមបញ្ជាក់ថា កន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងថ្ងៃនេះបានទទួលផ្ទះថ្មថ្មី១ខ្នង រួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ ដោយឡែកលោកយាយ លោកតានិងប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ ដែលរស់នៅភូមិផងរបជាមួយចំនួន ៥០គ្រួសារ ដោយមួយទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកត្រី ១២យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេសផងដែរ ៕

    ប្រភព​៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

    Share This Post: