មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាមួយក្រុមនៅគោលដៅស្តុបផ្សារដេប៉ូ ដែលបានចេញឃាត់ម៉ូតូ ០១គ្រឿងដោយសារល្មើសផ្លាកសញ្ញាចរាចរណ៍ត្រូវបានកោះហៅមកសួរនាំ
(រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាមួយក្រុម នៅគោលដៅស្តុបផ្សារដេប៉ូ បានចេញឃាត់ម៉ូតូ ០១គ្រឿង ដោយសារល្មើសផ្លាកសញ្ញាចរាចរណ៍បត់ត្រឡប់ក្រោយ ត្រូវបានកោះហៅមកសួរនាំ។

បន្ទាប់ពីមានការផ្សព្វផ្សាយបង្ហោះវីដេអូតាមបណ្តាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាមួយក្រុមនៅគោលដៅស្តុបផ្សារដេប៉ូ បានចេញឃាត់ម៉ូតូ០១គ្រឿង បើកបរដោយស្ត្រីម្នាក់បានល្មើសផ្លាកសញ្ញាចរាចរណ៍បត់ត្រឡប់ក្រោយ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។
ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន ០៤រូប នៅគោលដៅស្តុបផ្សារដេប៉ូ មកសួរនាំចំពោះការបង្ហោះករណីឃាត់ម៉ូតូ ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស មិនចាំផ្លាកលេខ ខាងលើ។ តាមរយៈការបំភ្លឺមន្ត្រីទាំង០៤នាក់ ពិតជាបានចេញឃាត់ម៉ូតូប្រាកដមែន ដោយអ្នកបើករបរម៉ូតូខាងលើ បានល្មើសផ្លាកសញ្ញាបត់ត្រឡប់ក្រោយ។ ករណីនេះមន្ត្រីចរាចរណ៍មិនផាកពិន័យស្ត្រីដែលបើកបរម៉ូតូនោះទេ ដោយមន្ត្រីបានធ្វើការអប់រំណែនាំឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក។
គួរបញ្ជាក់ថា តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កន្លងមកគឺមិនអនុញ្ញាតឱ្យមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាលចរាចរណ៍ ពួនស្ទាក់ចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះទេ ក្នុងករណីដែលមន្ត្រីអនុវត្តច្បាប់ចរាចរណ៍មិនអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមស្នងការ គឺនឹងរងទទួលការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
ចំពោះមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាទាំង ០៤នាក់ ខាងលើ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងធ្វើរបាយការណ៍រាយការណ៍ជូន ឯកឧត្តមស្នងការ ដើម្បីពិនិត្យ និងសម្រេច៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ