មិនធម្មតា! នាវាកម្សាន្តដែលបានលិចនៅភូកេត និងសម្លាប់ជនជាតិចិន ៤៧នាក់ ពេលនេះត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃចាប់ពី ២៨,២១០ ដុល្លារអាមេរិក
នាវាកម្សាន្តពីរជាន់ឈ្មោះ Phoenix ដែលបានលិចនៅឯភូកេតកាលពីខែកក្កដា ឆ្នាំ២០១៨ និងបានសម្លាប់ភ្ញៀវទេសចរចិនចំនួន ៤៧នាក់ ស្ថិតក្នុងចំណោមវត្ថុ ១ ក្នុងចំណោម ៤៨ ដែលការិយាល័យប្រឆាំងនឹងការលាងលុយ (AMLO) នឹងធ្វើការដាក់ដេញថ្លៃនៅថ្ងៃពុធនេះ នៅឯការិយាល័យកណ្តាលរបស់ខ្លួន ក្នុងទីក្រុងបាងកក។ អំឡុងពេលនោះសាកសពមួយចំនួនត្រូវបានគេយកចេញពីនាវាកម្សាន្ត ខណៈក្រុមនាវិក និងប្រធានក្រុមរបស់ពួកគេបានរួចខ្លួនពីគ្រោះអាក្រក់នេះ។ ឧបទ្ទវហេតុនេះផងដែរក៏បានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរចិន ទៅកាន់ប្រទេសថៃ។

កាលពីថ្ងៃអង្គារអ្នកដេញថ្លៃត្រូវបានអនុញ្ញាតឱ្យទៅពិនិត្យស្ថានភាពនៃទំនិញនៅតាមទីតាំងផ្សេងៗគ្នា។ សម្រាប់អ្នកដែលចាប់អារម្មណ៍នាវាកម្សាន្ត Phoenix ដែលនឹងត្រូវដាក់ឱ្យដេញថ្លៃក្នុងតម្លៃ ៩០០,០០០បាត ត្រូវតែទៅពិនិត្យនៅក្រុមហ៊ុន Rattanachai Shipyard ដែលស្ថិតក្នុងខេត្តភូកេត។ រូបថត និងព័ត៌មានអំពីវត្ថុដាក់ដេញថ្លៃមាននៅគេហទំព័រ www.amlo.go.th. ហើយវត្ថុផ្សេងទៀតដែលនឹងត្រូវដាក់ឱ្យដេញថ្លៃនៅថ្ងៃពុធនេះរួមមាន៖ កិច្ចព្រមព្រៀងទិញ/ជួល ខុនដូនៅខេត្តឈុនប៊ូរី។
ក្នុងចំណោមអគារខុនដូទាំងនោះផងដែរ បន្ទបទំហំ ៧១.២៣ម៉ែត្រការ៉េ របស់ខុនដូ New Nordic’s Palace មានតម្លៃដេញថ្លៃចាប់ពី ១៣លានបាត, បន្ទប់ទំហំ ៥៥ម៉ែត្រការ៉េ ដែលមានលេខបន្ទប់ N-CVB-407 របស់ C-View Boutique នឹងដាក់ឱ្យដេញថ្លៃចាប់ពីតម្លៃ ៤.៤លានដុល្លារ និងបន្ទប់ទំហំ ៣០ម៉ែត្រការ៉េ របស់ South Point Pattaya នឹងដាក់ដេញថ្លៃចាប់ពី ៣លានបាត ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ nationmultimedia