សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព ពលករខ្មែរ ២រូប ដែលទើបរកឃើញបន្ថែម ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ
(រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះពីផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព ពលករខ្មែរ ២រូប ដែលទើបរកឃើញបន្ថែម ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃកាលពីពេលកន្លងទៅ។

យោងតាមកាចុះផ្សាយរបស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង នាព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ថា យោងតាមលទ្ធផលនៃការពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្រ្តកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិនៃប្រទេសថៃ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ បានបញ្ជាក់ថា សពពិតជាឈ្មោះ លោក សាន់ សឿន អាយុ ២៨ឆ្នាំ និងលោកស្រី សុខ គិមលី អាយុ ៣១ឆ្នាំ បានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃពិតប្រាកដមែន។

ក្រោយទទួលបានដំណឹងមរណភាពពលករខ្មែរ ២រូប ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះក្រុមគ្រួសារសព ពលករខ្មែរ២រូបដែលទើបរកឃើញបន្ថែម ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥៕


ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia