ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចូលរួមរំលែកទុក្ខ និងសោកស្ដាយ ចំពោះកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal
កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ បានឱ្យដឹងថា យោធិនកម្ពុជាចំនួន ២រូប គឺកញ្ញា ដួង ម៉ាហ្គាលី និង លោក ផាត មុន្នី បានពលីក្នុងអំឡុងពេលបំពេញបេសកកម្ម ក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា៖ “ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង”។
បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា នេះជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
ក្រោយពេលដែលមានរឿងដ៏សោកសៅនេះកើតឡើង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយ ដោយសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំងពីររូប សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕


ប្រភព៖ នាយឧត្តមសេនីយ៍ ទៀ សីហា