ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) នឹងសម្រេចការសាងសង់​រួចរាល់ ១០០% ឆាប់ៗនេះ

    BY SOMATEY May 15, 2025
    ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) នឹងសម្រេចការសាងសង់​រួចរាល់ ១០០% ឆាប់ៗនេះ

    យោងតាម ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងមានភាពមមាញឹកខ្លាំងក្នុងការដំណើរការសាងសង់ ដោយសម្រេចបានលទ្ធផលជារួម ៩៦,៨៤% ហើយគ្រោងរួចរាល់នាពេលឆាប់ៗនេះ។

    ក្នុងនោះ លោក ផន រឹម បានបន្ថែមថា ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុងឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែឧសភា និងព្រះរាជបុណ្យពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ។

    ដោយឡែកច្រកចេញផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ)ចំណុចកំពង់សិលា និងស្រែអំបិល ក៏មានសភាពកកស្ទះដោយអន្លើផងដែរ ដោយបងប្អូនប្រជាពលរដ្ឋមានដំណើរកម្សាន្តចេញទៅផ្លូវជាតិលេខ៤៨ ឆ្ពោះទៅទស្សនាខេត្តកោះកុង ,ទីរមនីយដ្ឋាននានាតាមបណ្តោយផ្លូវជាតិលេខ៤៨ ,ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១០ ទស្សនាស្ទឹងដំណាក់ក្បូន, ស្ទឹងឫស្សីជ្រុំ,ស្ពានខ្ពស់ជាងគេនៅកម្ពុជា,តំបន់អូរសោម,ប្រម៉ោយ,ផ្លូវអន្ទង់អាំងចំណុចផ្លូវជាតិលេខ៥៥,ច្រកព្រំដែនកម្ពុជា-ថៃ(ថ្មដារ) និងតំបន់សំឡូត នៃផ្លូវជាតិលេខ១០ជាដើម។ល។

    គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៩៦,៨៤%ហើយ ដោយឡែកគម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៩៩,៦០%ហើយដែរ។ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងរីករាយក្នុងឱកាសឈប់សម្រាកក្នុងទីដ៏សែនមនោរម្យ និងសុខសន្តិភាពពេញដ៏បរិបូរណ៌។

    ប្រភព៖ ឯកឧត្តម ផន រឹម

    Share This Post: