សុខសន្តិភាពបង្កើតការអភិវឌ្ឍន៍ សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសម្ពោធអគារសិក្សាកម្ពស់៣ជាន់ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅខេត្តពោធិ៍សាត់
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៧ ខែឧសភាព ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ស្មើ១៨បន្ទប់ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ស្របគ្នានេះ ហ្វេសប៊ុកផ្លូវការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា សុខសន្តិភាព បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស។ សមិទ្ធផលទាំងអស់នេះ ក៏មិនអាចកើតមានឡើងបានទេបើប្រទេសមានសង្គ្រាម។ ជាក់ស្តែងនៅលើទឹកដីស្រុកវាលវែងនេះ ដែលពីមុនជាទីតាំងភ្លើងសង្គ្រាមប្រយុទ្ធគ្នាដ៏ក្ដៅគគុក តែបច្ចុប្បន្នបានប្រែក្លាយទៅជាទីដ៏ស្រស់ត្រកាល និងរីកដុះដាលដោយសមិទ្ធផល សម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
ការកសាងសមិទ្ធផលនានាគឺជានិមិត្តរូបនៃការបន្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ និងបានឆ្លុះបញ្ចាំងផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបន្តអភិវឌ្ឍទៅមុខជានិច្ច៕





ប្រភព៖ ក្រសួងព័ត៌មាន