ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងពីមូលហេតុនៃការបង្កើតទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា

    BY SOMATEY May 20, 2025
    មកដឹងពីមូលហេតុនៃការបង្កើតទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា

    យោងតាម ក្រសួងព៍ត៌មាន បាន​ឱ្យ​ដឹងថា ថ្ងៃអង្គារស្អែកនេះ គឺថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ ថ្ងៃទី ២០ ខែឧសភាគឺជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យ​ជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋា​ភិបាលកម្ពុជាតាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជន​រងគ្រោះ​និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែល កើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

    ប៉ុន្តែគួររំលឹកថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយក ថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ​សំផន» ដែល​បានកាប់សម្លាប់ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើ ប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជា រៀង​រាល់ឆ្នាំចាប់​ពី​ឆ្នាំ១៩៨៤ មក។ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានប្តូរពី «ទិវាចងកំហឹង» មកជា «ទិវាចងចាំ» រហូតដល់​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា​ ជា «ទិវាជាតិនៃការចងចាំ» វិញ។

    ក្នុងខ្លឹមសារនៃសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុង​ឱកាស​​ខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់អំពី​មូលហេតុនៃការ​កំណត់យក​ថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ​ ។

    មូលហេតុមានពីរ៖គឺ ទី១-ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជា​ថ្ងៃបង្កើតសហ ករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារ​ក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិ ឯកជន នៅក្នុងតំបន់​មួយចំនួនដែលហៅ​ថាតំបន់រំដោះ ដែលស្ថិតក្រោមការ​គ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយោបាយនេះ​ត្រូវបានចាប់ផ្តើម អនុវត្ត​ជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រង អំណាច ចាប់​ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃ​ទី៦ ខែមករា ឆ្នាំ១៩៧៩។ ទី២-មុនពេលឈានដល់ថ្ងៃ ជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ នៅចន្លោះថ្ងៃ​ទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមដឹកនាំរបបកម្ពុជា​ប្រជាធិប​តេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំ​ផែនការ​និងប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ជា​ទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយ បង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបនៅតាម​ការដ្ឋាន​ការងារ​​និងសហករណ៍ ការ ចាប់ខ្លួន តាមអំពើ​ចិត្ត ការធ្វើទារុណកម្ម ការបាត់ខ្លួននិង​ការ​សម្លាប់ ការរៀប អាពាហ៍​ពិពាហ៍​ដោយបង្ខំ និងការរើសអើង ប្រឆាំងនឹងក្រុម​មនុស្ស​មួយចំនួន ដែលពួកគេចាត់ទុកថា​ជាខ្មាំង។ ប្រជាជនស្លូតត្រង់​ប្រមាណ​ជាង១,៧លាន បានស្លាប់ក្នុងរបបខ្មែរក្រហម។

    ក្នុងសារលិខិតដដែលបានគូសរំលេចថា ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុង គោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ ជនរង​គ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់​ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ​របស់​ជនរងគ្រោះ ទោះជានៅរស់ រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិង ផ្នែកសង្គម​របស់​ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការ​ផ្សះផ្សា ជាតិនិងជំរុញ​ឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ ការ ផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមាន​ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យកុំឱ្យកើ​ត​​​​មានឡើងសាជាថ្មី។

    «ទិវាជាតិនៃការចងចាំ» នេះ ក៏ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលជាគម្រោង​សំណង​​មួយក្នុងចំណោម គម្រោង សំណង ២៦ ដែលទទួលស្គាល់ជាផ្លូវការនិងជាអចិន្ត្រៃយ៍ចំពោះការឈឺចាប់របស់​ដើម បណ្តឹង​រដ្ឋប្បវេណីនិងលើកកម្ពស់ការចងចាំនូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ក្នុងអំឡុងពេលនៃរបបកម្ពុជា​ប្រជាធិប​តេយ្យផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: