ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ភាគីពាក់ព័ន្ធត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ចៀសវាងការបូមខ្សាច់ ខុសកន្លែង ធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេ

    BY SOMATEY May 20, 2025
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ភាគីពាក់ព័ន្ធត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ចៀសវាងការបូមខ្សាច់ ខុសកន្លែង ធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេ

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ចៀសវាងការបូមខ្សាច់ ខុសកន្លែង ឬខុសបច្ចេកទេស ធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេជាដើម។

    ការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក» ស្ថិតនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥។

    នាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងរ៉ែ និងថាមពល និងក្រសួងធនធានទឹក និងឧតុនិយម និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវពិនិត្យមើលការគ្រប់គ្រងការបូមខ្សាច់ ខណៈនាពេលបច្ចុប្បន្ននេះ ការបូមខ្សាច់បានគ្រប់គ្រងបានច្រើន។

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែ មានប្រសាសន៍ថា «ត្រូវពិនិត្យមើលឱ្យស្រួល សិក្សាឱ្យបានច្បាស់លាស់ អនុវត្ត ចៀសវាងការបូម (បូមខ្សាច់) ខុសកន្លែង ឬមួយខុសបច្ចេកទេស ធ្វើឱ្យបាក់ដីផ្សេងៗ»។

    លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ត្រូវសិក្សាជាមួយវិស័យឯកជន សិក្សាពីការបូមខ្សាច់នៅផ្នែកខាងលើ នៃទន្លេមេគង្គ ដូចជា នៅខេត្តក្រចេះ ខេត្តកំពង់ចាម។

    ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ណែនាំស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវចូលរួមកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួល និងគាំទ្រវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យរ៉ែ, តាមរយៈកិច្ចសហការចាប់តាំងពីដំណាក់កាលនៃការសិក្សាស្រាវជ្រាវ និងរុករក រហូតដល់ការធ្វើអាជីវកម្ម។

    ចំពោះផលិតផលរ៉ែ ដែលអាចនាំចេញទៅក្រៅប្រទេសបាន ដូចជា៖ ស៊ីម៉ងត៍, ថ្មអារ, រ៉ែមាស, រ៉ែដែក និងម្សៅថ្មក្វាតជាដើម, ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ សម្រាប់ការនាំចេញប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: