បុរសម្នាក់ក្លាយជាជនពិការ ដោយសារតែទម្លាប់អង្គុយលេងទូរស័ព្ទក្នុងបន្ទប់ទឹក
ចិន៖ ការបើកទូរស័ព្ទ Smartphone ដើម្បីប្រើប្រាស់បណ្តាញសង្គមផ្សេងៗបានក្លាយទៅជាទម្លាប់សម្រាប់មនុស្សសម័យថ្មីនេះទៅហើយ ដែលពេលខ្លះទម្លាប់នេះបានក្លាយទៅជាទម្លាប់អាក្រក់ និងអាចនាំមនុស្សមួយចំនួនទៅរកគ្រោះថ្នាក់ទៀតផង។ ជាក់ស្តែងយុវជនម្នាក់បានក្លាយទៅជាមនុស្សពិការកម្រើករាងកាយមិនមាន ព្រោះតែមានមានទម្លាប់អង្គុយលើចានបង្គន់ និងលេងទូរស័ព្ទលើសពីកន្លះម៉ោងជាប្រចាំអស់រយៈពេល៣ឆ្នាំ។
បុរសដែលមានបញ្ហាចម្លែកនេះមានអាយុ២៤ឆ្នាំ រស់នៅក្នុងទីក្រុង Chongqing ប្រទេសចិន និងមិនធ្លាប់មានបញ្ហាសុខភាពពីមុនមកទាល់តែសោះ។ បន្ទាប់ពីមានទម្លាប់ អាក្រក់ដូចខាងលើនេះអស់រយៈពេល៣ឆ្នាំ ស្រាប់តែនៅក្នុងថ្ងៃកើតហេតុ គឺក្រោយពីគាត់បានសម្ងំអង្គុយលេងទូរស័ព្ទលើចានបង្គន់អស់រយៈពេលជាយូរស្រាប់តែគាត់បានដួលសន្លប់នៅក្នុងបន្ទប់ទឹកតែម្តង។
ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ គេបានរកឃើញថា ដោយសារតែគាត់អង្គុយក្នុងបង្គន់ដែលគ្មានខ្យល់គ្រប់គ្រាន់ ក្នុងរយៈពេលយូរ និងអង្គុយដោយមិនបានផ្លាស់ប្តូរ ឥវិយាបថទាល់តែសោះ វាបានធ្វើឲ្យចរន្តឈាមរបស់គាត់រត់មិនបានស្រួល ហើយអុកស៊ីសែនទៅកាន់ខួរក្បាលថយចុះ ដែលជាហេតុធ្វើឲ្យគាត់ដួលសន្លប់តែម្តង។ មកទល់នឹងពេលនេបុរសជាជនរងគ្រោះនៅសម្រាកក្នុងមន្ទីរពេទ្យ ហើយរាងកាយទាំងមូលរបស់គាត់មិនអាចកម្រើកបានទាល់តែសោះ៕
ភក្តី
ប្រភព៖ worldofbuzz