យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានរងរបួស ដោយសារមានការផ្ទុះគ្រាប់បែកមួយក្នុងទីក្រុង Lyon ប្រទេសបារាំង
យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានរងរបួសនៅថ្ងៃសុក្រនេះ នៅក្នុងការផ្ទុះគ្រាប់បែកក្នុងទីក្រុង Lyon ប្រទេសបារាំង ដែលជំរុញឱ្យមានការស៊ើបអង្កេតជាតិថា តើវាអាចជារឿងភេរវកម្ម ឬយ៉ាងណា។ ការផ្ទុះនេះបានកើតឡើងនាពេលល្ងាច នៅក្នុងផ្សារទំនើបចំកណ្ដាលទីក្រុង Lyon ។ បណ្តាញទូរទស្សន៍បារាំង BFMTV បានរាយការណ៍ថា មនុស្សពេញវ័យ ១២នាក់ និងកូនក្មេងអាយុ ៨ឆ្នាំ ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៣កន្លែង នៅក្នុងទីក្រុង Lyon ផ្ទាល់ ហើយប៉ូលិសបារាំងក៏កំពុងតាមស្វែងរកជនសង្ស័យដែលពាក់ព័ន្ធលើការវាយប្រហារនេះ។

បើយោងតាមការដកស្រង់ពីគណនីរបស់ប៉ូលីសជាតិនៅលើបណ្តាញសង្គម Twitter ពួកគេបានបង្ហោះរូបថតរបស់បុរសម្នាក់ ដែលគេជឿថាជា «អ្នកនៅពីក្រោយការវាយប្រហារ» ហើយបានសុំឱ្យសាធារណជនសហការជាមួយប៉ូលីស ដើម្បីរាយការណ៍ពីព័ត៌មានណាមួយ។ អ្នកនាំពាក្យរបស់ព្រះរាជអាជ្ញាទីក្រុងបានប្រាប់ទូរទស្សន៍ CNN ថា ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា ការផ្ទុះនេះអាចបណ្តាលមកពីកញ្ចប់គ្រាប់បែកដែលពោរពេញដោយក្រចកមួយ។ យ៉ាងណាមិញចៅហ្វាយក្រុងលោក Denis Broliquier បាននិយាយតាមទូរទស្សន៍បារាំង BFMTV ថា ការខូចខាតជាទូទៅគឺមិនធ្ងន់ធ្ងរទេព្រោះ «ការផ្ទុះគ្រាប់បែក» នេះ មិនបានបង្កផលប៉ះពាល់ច្រើនណាស់ណាទេ៕




អត្ថបទ៖ លីដា
ប្រភព៖ CNN