ជប៉ុនបង្កើតភោជនីយដ្ឋានពិសេស សម្រាប់អ្នក Single មិនចូលចិត្តអ៊ូអររញ៉េរញ៉ៃច្រើន
នៅប្រទេសជប៉ុនភោជនីយដ្ឋានបែបលោកខាងលិច ជាឧទាហរណ៍ដូចជា Denny’s ត្រូវបានគេហៅថា «ភោជនីយដ្ឋានបែបគ្រួសារ» ថ្វីបើមានឈ្មោះថាជាហាងបែបគ្រួសារ ប៉ុន្តែអតិថិជនមួយចំនួនធំភាគច្រើននៅតែបរិភោគអាហារតែម្នាក់ឯងដដែល។ ជាការពិតភោជនីយដ្ឋានបែបនេះគឺតែងមានកន្លែងធំទូលាយ តម្លៃទាប ហើយបើកទ្វាររហូតដល់ពាក់កណ្តាលអាធ្រាត្រឯណោះ (ស្ទើរតែ ២៤ម៉ោង/ថ្ងៃ)។ វាជាទីតាំងពេញនិយមរបស់សិស្ស និងយុវវ័យ ដែលភាគច្រើនមិនមានពេលវេលា ថាមពល ឬជំនាញ ដើម្បីចម្អិនអាហារសម្រាប់ខ្លួនឯង ជាពិសេសប្រសិនបើពួកគេឃ្លានបន្ទាប់ពីចេញពីរៀន ឬកន្លែងការងារ។

យ៉ាងណាមិញភោជនីយដ្ឋានបែបគ្រួសារមានឈ្មោះថា Gusto មួយនេះ គឺកំពុងមានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនដែលនិយមដើរញ៉ាំអាហារម្នាក់ឯង ដោយសារពួកគេបានរៀបចំតុអង្គុយនៅក្នុងភោជនីយដ្ឋានជាចន្លោះៗ របៀបជាឯកជនសម្រាប់ភ្ញៀវនីមួយៗ។ បើក្រឡេកមើលមួយភ្លែតទៅយើងប្រហែលជាគិតថា នេះអាចជាឧទាហរណ៍មួយទៀតនៃភាពអៀនខ្មាស់របស់ជប៉ុននាសម័យទំនើប ព្រោះថាការញ៉ាំអាហារពេលល្ងាចជាទូទៅធ្វើឱ្យអ្នកសម្លឹងភ្នែកគ្នាដោយចៃដន្យ។ ប៉ុន្តែការពិតទៅគឺមានហេតុផលមួយចំនួនលើសពីការសម្លឹងភ្នែកគ្នានេះទៅទៀត សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារនៅដាក់ដោយឯកឯង។
ដូចដែលបានរៀបរាប់ខាងលើថា ភោជនីយដ្ឋានបែបគ្រួសារ គឺមានប្រជាប្រិយភាពជាពិសេសជាមួយសិស្ស និងយុវវ័យ ហើយពួកគេភាគច្រើនប្រើវាជាកន្លែងធ្វើការ សិក្សា ឬការិយាល័យសម្រាប់ទូរស័ព្ទចល័ត និងការងារតាមអ៊ីនធឺណិត។ វាក៏ស្រដៀងគ្នាដូចនឹងការងារមួយចំនួនដែលពួកយើងចូលចិត្តធ្វើនៅតាមហាងកាហ្វេដូជា Starbucks ដែរ ប៉ុន្តែវាពិសេសជាងត្រង់ថា វាមានមុខម្ហូបអាហារ មានភេសជ្ជៈ ក៏ដូចជាប្រភេទទឹកសូដា ឬស្រាបៀរ ឱ្យលោកអ្នកបញ្ជាទិញតាមតម្រូវការ។
រឿងមួយទៀតដែលពិសេសជាងគេនៅក្នុងប្រទេសជប៉ុនគឺថា រាល់ប្រភេទភោជនីយដ្ឋានបែបគ្រួសាររបស់ពួកគេ គឺតែងមានការផ្តល់ជូនការបន្ថែមភេសជ្ជៈដោយឥតកំណត់ (unlimited refill) ។ ដែលនេះហើយវាជាហេតុផលដ៏ល្អមួយសម្រាប់អតិថិជនមិនសូវមានធនធាន ហើយពួកគេអាចនៅអង្គុយបានយូរដោយសារតែមានការបន្ថែមដោយឥតកំណត់នេះ។ សព្វថ្ងៃនេះភោជនីយដ្ឋាន Gusto នៅទីក្រុងតូក្យូ ដែលមានបម្រើសេវាបែបនេះគឺមាននៅតាមសាខាក្នុងតំបន់៖ Akasaka Mitsuke, Azabujuban, Hatagaya, Higashi Ikebukuro, ស្ថានីយ៍ភាគខាងជើង Kameari, Kichijoji, Medai-mae, Mito Keio Daigaku-mae និង Shinbashi ៕









អត្ថបទ៖ លីដា
ប្រភព៖ soranews24