ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មូលនិធិចិន PEACELAND បានឧបត្ថម្ភគ្រឿងចក្រមួយគ្រឿង ជូនដល់អង្គការ ស៊ីម៉ាក់ ហើយនឹងបន្តកៀរគរ ជំនួយបន្ថែមទៀតពីសប្បុរសជន និងវិនិយោគិនពីប្រទេសចិន

    BY SOMATEY June 19, 2025
    មូលនិធិចិន PEACELAND បានឧបត្ថម្ភគ្រឿងចក្រមួយគ្រឿង ជូនដល់អង្គការ ស៊ីម៉ាក់  ហើយនឹងបន្តកៀរគរ ជំនួយបន្ថែមទៀតពីសប្បុរសជន និងវិនិយោគិនពីប្រទេសចិន

    យោងតាម គណនីហ្វេសប៊ុកផេកផ្លូវការ របស់ឯកឧត្តម HENG Ratana បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅទីបញ្ជាការស៊ីម៉ាក់ បានរៀបចំពិធីផ្ទេរ-ប្រគល់គ្រឿងចក្រចំនួន១គ្រឿងម៉ាក SANYI តាមរយៈជំនួយសប្បុរសធម៌របស់មូលនិធិចិន PEACELAND ក្រោមវត្តមានចូលរួមរបស់ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយនៃមូលនិធិសប្បុរសធម៌ Sanyi​ លោក QUI Lili តំណាងអង្គការ PEACELAND លោក LU HUA អគ្គនាយកក្រុមហ៊ុន SANYI ប្រចាំនៅកម្ពុជា​ រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនទៀត​ ក្នុងនោះអមដំណេីរគណប្រតិភូដោយលោកវរសេនីយ៍ឯក​ SHENG DAZHI អនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងលោកលេខាទី២នៃស្ថានទូតចិននៅកម្ពុជា​ព្រមទាំងលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

    ថ្លែងក្នុងពិធីនេះ លោកស្រី Song Ximei បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា ជាពិសេសការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋក្រោយការបោសសម្អាតមីន និងសំណលយុទ្ធភណ្ឌសង្គ្រាម សម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនដល់ប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ លោកស្រីបន្តថា នេះជាជំហានទី១ ដែលមូលនិធិចិន PEACELAND បានផ្តល់ជូនគ្រឿងចក្រនេះមកអង្គភាព CMAC ហើយលោកស្រី សង្ឃឹមថា នាពេលខាងមុខលោកស្រី និងបន្តកៀរគរជំនួយបន្ថែមទៀតពីសប្បុរសជន និងវិនិយោគិនពីប្រទេសចិន។

    ជាការឆ្លើយតប ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលចិនដែលបានបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាពិសេសលើការកសាង និងអភិវឌ្ឍន៍កម្ពុជាឡើងវិញក្រោយពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងសូមថ្លែងអំណរដល់មូលនិធិចិនPEACELAND ដែលបានខិតខំកៀរគរជំនួយដើម្បីផ្តល់ជូននូវគ្រឿងចក្រ សម្រាប់បម្រើឱ្យការអភិវឌ្ឍនិងវិស័យបោសសម្អាតមីននៅកម្ពុជា។ជំនួយនេះគឺពិតជាមានសារប្រយោជន៍​សម្រាប់បន្តគាំទ្រដល់សកម្មភាពអង្គភាពCMAC ក្នុងការជួយលើកិច្ចអភិវឌ្ឍន៍ជនបទ​ក្រោយការបោសសម្អាតមីនរួចជូនសហគមន៍និងប្រជាពលរដ្ឋ៕

    ប្រភព៖ ឯកឧត្តម HENG Ratana

    Share This Post: