ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនលើកលែងពន្ធលើការនាំចេញអាហារសមុទ្រវៀតណាមរហូត ៣៣ប្រភេទ ថ្វីបើកាលពីដើមឆ្នាំពួកគេខាតអស់ ៥ភាគរយ ដោយសារសង្គ្រាមពាណិជ្ជកម្មក៏ដោយ

    BY autoadmin May 27, 2019
    ប្រទេសចិនលើកលែងពន្ធលើការនាំចេញអាហារសមុទ្រវៀតណាមរហូត ៣៣ប្រភេទ ថ្វីបើកាលពីដើមឆ្នាំពួកគេខាតអស់ ៥ភាគរយ ដោយសារសង្គ្រាមពាណិជ្ជកម្មក៏ដោយ

    សមាគមនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ប្រទេសចិនបានលើកលែងពន្ធលើការនាំចេញអាហារសមុទ្ររបស់វៀតណាមចំនួន ៣៣ ប្រភេទ។ ផលិតផលរួមមាន៖ បង្កង បង្គាខ្លា បង្គាសមុទ្រ ត្រីម័ររុយ លាសសមុទ្រ ត្រីខ្សាំងកក ត្រី​ស្បៃ​កា ត្រីធូណា និងមឹក។ សហគ្រាសវៀតណាមជាង ១៥០ បាននាំចេញផលិតផលអាហារសមុទ្រទៅកាន់ប្រទេសចិន ដែលក្នុងនោះរួមមានសហគ្រាសចិញ្ចឹមត្រីចំនួនប្រហែល ៤៥ និងសហគ្រាសនាំចេញបង្គាជិត ៥០ ផងដែរ។ ដោយសារប្រទេសចិនបន្ធូរបន្ថយគោលនយោបាយនាំចូលរបស់ខ្លួន វៀតណាមត្រូវបានគេរំពឹងថា នឹងបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារដែលមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះ។

    ប្រទេសចិនត្រូវបានគេចាត់ទុកថា ជាទីផ្សារដ៏សំខាន់បំផុតសម្រាប់អាហារសមុទ្ររបស់វៀតណាម ដោយមានតម្លៃនាំចេញជាមធ្យមពីវៀតណាមទៅចិនឈានដល់ជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ យោងតាមសមាគមបានឱ្យដឹងថា នៅក្នុង ឆ្នាំ២០១៧ តម្លៃនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើងជិត ៥០ភាគរយ រហូតដល់ ១.៣ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយតម្លៃនាំចេញបានធ្លាក់ចុះបន្តិចគឺធ្លាក់ ៥ភាគរយ នៅឆ្នាំ២០១៨ ពោលគឺធ្លាក់សល់ត្រឹម ១.២ពាន់លានដុល្លារ។ វាក៏បានធ្លាក់ចុះ ៥ភាគរយ ផងដែរនៅក្នុងត្រីមាស ទី១ នៃឆ្នាំនេះ ដែលស្មើនឹង ២៣៩លានដុល្លារអាមេរិក។

    អគ្គលេខាធិការរបស់ VASEP បាននិយាយថា ឧស្សាហកម្មនេសាទកំណត់ទិសដៅនាំចេញផលិតផលអាហារសមុទ្រប្រមាណជាង ១.៥ពាន់លានដុល្លារ នៅឆ្នាំនេះទៅប្រទេសចិន ដោយសារការប្រើប្រាស់គ្រឿងសមុទ្ររបស់ចិនមានការកើនឡើង។ យ៉ាងណាមិញខេត្តធំៗនៅក្នុងប្រទេសចិន បែរជាមានការព្រួយបារម្ភអំពីសកម្មភាពជួញដូរដោយផ្ទាល់ជាមួយក្រុមហ៊ុនអាហារសមុទ្រវៀតណាមជំនួសឱ្យការទិញតាមរយៈអន្តរការីទៅវិញ។ ខណៈដែលពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) នៅក្នុងប្រទេសចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ផលិតផលអាហារសមុទ្រវៀតណាមជាច្រើនប្រភេទត្រូវបានគេណែនាំទៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចមួយនេះ។

    អគ្គលេខាធិការរបស់ VASEP ក៏បាននិយាយផងដែរថា វៀតណាមអាចសម្រេចបាននូវគោលដៅនៃការនាំចេញអាហារសមុទ្រ ដែលនឹងកើនឡើងខ្ពស់ជាងកាលពីឆ្នាំមុនដែលមានចំនួន ១.២ពាន់លានដុល្លារ។ ទន្ទឹមនឹងនោះក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ច ដើម្បីធានាបាននូវស្តង់ដារគុណភាព រដ្ឋត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់នូវសកម្មភាពនាំចេញគ្រឿងសមុទ្រឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសចិន ដើម្បីធានាការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់អាជីវកម្មអាហារសមុទ្រវៀតណាម៕

    អត្ថបទ៖ លីដា
    ប្រភព៖ vietnaminsider

    Share This Post: