ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ជំរុញការដាំដុះ និងពង្រឹងសន្តិសុខនៅឧត្តរមានជ័យ ក្នុងកាលៈទេសៈតានតឹងព្រំដែន

    BY SOMATEY June 26, 2025
    សម្ដេចតេជោ ហ៊ុន សែន ជំរុញការដាំដុះ និងពង្រឹងសន្តិសុខនៅឧត្តរមានជ័យ ក្នុងកាលៈទេសៈតានតឹងព្រំដែន

    ឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ក្នុងខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់ បន្ទាប់ពីជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង។

    ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមបោះឆ្នោតកាលពីពេលកន្លងទៅ និងសង្កត់ធ្ងន់លើតួនាទីរបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយចាត់ទុកមន្ត្រីជាអ្នកបម្រើប្រជាជន។ សម្ដេចក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិកន្លងមក។

    លើសពីនេះ សម្ដេចតេជោបានបញ្ជាក់បន្ថែមអំពីបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ថ្វីបើស្ថានភាពនយោបាយថៃបានរុញច្រានឱ្យមានវិវាទក៏ដោយ សម្ដេចមើលឃើញវិបត្តិនេះជាឱកាសមួយ។ សម្ដេចបានណែនាំក្រុមប្រឹក្សាឱ្យជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ក្នុងខេត្ត ជាពិសេសដល់កងកម្លាំងប្រដាប់អាវុធដែលអាចមានតម្រូវការយូរអង្វែង ដោយសារបញ្ហាវិវាទនេះ។

    សម្ដេចតេជោបានព្រមានថា ប្រសិនបើគ្មានការផ្លាស់ប្ដូរមេដឹកនាំនៅបាងកកទេ វិវាទជាមួយថៃអាចនឹងអូសបន្លាយពេលយូរ ដោយស្ថានភាពខុសពីឆ្នាំ២០១១។ សម្ដេចបានណែនាំប្រជាពលរដ្ឋឱ្យត្រៀមលេណដ្ឋានការពារខ្លួន និងបន្តការបង្កបង្កើនផល ទោះបីជាសភាពការណ៍នៅតាមព្រំដែនយ៉ាងណាក៏ដោយ ក្នុងរដូវវស្សាពេលនេះ។

    ទាក់ទងនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សម្ដេចតេជោបានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន និងល្បែងស៊ីសង ដែលជាកង្វល់រួមរបស់សង្គម។

    ពាក់ព័ន្ធនឹងការបិទព្រំដែនតាមតែចិត្តរបស់ថៃ សម្ដេចតេជោបានរិះគន់ថា ថៃជាអ្នកបិទព្រំដែនដោយខ្លួនឯង ហើយពេលមានបញ្ហាទើបមកចរចា ដោយបច្ចុប្បន្នថៃកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាច្រើន។ សម្ដេចបានបញ្ជាក់ថា កម្ពុជាចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាងក្លាយជាព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: