ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន លើកទឹកចិត្ដឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាញអត្ថប្រយោជន៍ជាច្រើនពីរការគាំទ្ររបស់រាជរដ្ឋាភិបាល

    BY Naren June 26, 2025
    ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន លើកទឹកចិត្ដឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាញអត្ថប្រយោជន៍ជាច្រើនពីរការគាំទ្ររបស់រាជរដ្ឋាភិបាល

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានលើកទឹកចិត្ដឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាញអត្ថប្រយោជន៍ជាច្រើនពីការគាំទ្ររបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការអភិវឌ្ឍ ពង្រឹងសមត្ថភាព និងផលិតភាពរបស់ខ្លួនសម្រាប់ឆ្លើយតបការរីកចម្រើនបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងសកលលោក។

    ការលើកទឹករបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ឆ្នាំ២០២៥ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានជំរុញឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការកសាងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ការពង្រឹងអនុលោមភាព ការលម្អអភិបាលកិច្ច ធុរកិច្ច ការវិនិយោគលើស្ដង់ដាគុណភាព សុវត្ថិភាព អនាម័យ និងការទទួលខុសត្រូវចំពោះបរិស្ថានជាដើម។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា គន្លឹះទាំងអស់នេះ មិនមែនត្រឹមតែរាជរដ្ឋាភិបាលតម្រូវប៉ុណ្ណោះនោះទេ ប៉ុន្ដែគឺជាការចង់បាន និងការរំពឹងទុករបស់អតិថិជន វិនិយោគគិន និងតម្រូវលើទីផ្សារ ដើម្បីអភិវឌ្ឍន៍ ពង្រឹងសមត្ថភាព និងផលិតភាពរបស់ខ្លួនទៅក្នុងខ្សែចង្វាក់ផលិតកម្មក្នុងប្រទេស តំបន់ និងសកលលោកផងដែរ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបានជំរុញ ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមអាចមានភាពរីកធំធាត់ សម្រាប់ចូលរួមចំណែកកាន់តែពេញលេញ និងខ្លាំងក្លាឡើងថែមទៀត ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។

    ជាមួយគ្នានេះ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដបច្ចេកវិទ្យា និងនវានុវត្ដន៍បានប្រាប់ដល់សហគ្រាសធុនមីក្រូតូច និងមធ្យមទាំងអស់ កុំឱ្យមានការបារម្ភ និងភ័យខ្លាចចំពោះការចុះបញ្ជីកំណត់ស្ដង់ដាផលិតផលរបស់ខ្លួនឱ្យត្រឹមត្រូវ ដើម្បីឆ្លើយតបចំពោះការប្រកួតប្រជែងផលិតផលក្នុងស្រុក និងក្រៅស្រុកនាពេលខាងមុខ។

    សូមបញ្ជាក់ថា យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមមានចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះមានស្រ្តី ៦០%។ វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍៕ វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: