ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ស្វាគមន៍វិនិយោគិនកូរ៉េ លើវិស័យកសិកម្មកម្ពុជា

    BY SOMATEY June 27, 2025
    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ស្វាគមន៍វិនិយោគិនកូរ៉េ លើវិស័យកសិកម្មកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ទស្សនាវដ្តីប្រជាជន កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យកសិកម្មកម្ពុជា។

    នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពលនៃកសិផលមួយចំនួនរបស់កម្ពុជា ដូចជា ស្វាយ ចេក និងស្វាយចន្ទី ដែលត្រូវការការវិនិយោគបន្ថែមលើការកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសកូរ៉េមានបទពិសោធន៍យ៉ាងល្អក្នុងវិស័យនេះ ដែលនឹងផ្តល់តម្លៃបន្ថែមខ្ពស់ និងផលប្រយោជន៍រួមដល់ភាគីទាំងពីរ។
    លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យភាគីកូរ៉េសិក្សាពីលទ្ធភាពវិនិយោគលើផលិតកម្មជីកសិកម្ម និងចំណីសត្វនៅក្នុងប្រទេសកម្ពុជា។ ការវិនិយោគនេះនឹងជួយធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាពខ្ពស់ និងតម្លៃសមរម្យ ដែលអាចប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលបាន។

    ជាចុងបញ្ចប់ ឯកឧត្តម ឌិត ទីណា បានស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគកូរ៉េ ឱ្យធ្វើការវិនិយោគលើអ្វីដែលជាចំណុចខ្លាំងរបស់កម្ពុជា ដើម្បីទទួលបានជោគជ័យឆាប់រហ័ស និងចំគោលដៅ។ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងកសិកម្មនឹងផ្តល់ការគាំទ្រ និងតម្រង់ទិស ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងជួយដល់ប្រជាកសិករកម្ពុជាក្នុងវិស័យកសិកម្ម៕

    ប្រភព៖ ទស្សនាវដ្តីប្រជាជន

    Share This Post: