រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះជំរុញការងារសហគមន៍កសិកម្មទំនើប នៅខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ជីវភាព
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ឃឺម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម និងនេសាទ បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី៣០មិថុនានេះថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះទៅជួបមន្ត្រីកសិកម្មឃុំនៅ ខេត្តបន្ទាយមានជ័យដោយបានណែនាំដើម្បីភាពរីកចំរើននៃវិស័យកសិកម្មនៅតាមខេត្ត។

សេចក្តីណែនាំនេះបានធ្វើកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ចំនួន៥៩រូប នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយមានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យផងដែរ។
ឯកឧត្តម ឌិត ទីណា បានណែនាំមន្ត្រីកសិកម្មឃុំនៅក្នុងខេត្តបន្ទាយមានជ័យ អោយពិនិត្យវាយតម្លៃស្ថានភាពដាំដុះកសិកម្មឱ្យបានច្បាស់លាស់ ដោះស្រាយបញ្ហាឱ្យចំគោលដៅ កាត់បន្ថយថ្លៃដើម មកផលិត និងជំរុញកសិករផ្សារភ្ជាប់នឹង សហគមន៍កសិកម្មទំនើប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករ ទទួលផលចំណេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនើបដើម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម ទីផ្សារ និងសេដ្ឋកិច្ច ស្របតាមទស្សនទាន “មានហូប មានប្រើ មានបាន និងមានរហូត”។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីកសិកម្មយល់ដឹងអំពីករណីចាំបាច់ ដើម្បីស្នើសុំការគាំទ្រពីអ្នកជំនាញកសិកម្ម ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចុះជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំបានចំនួនជាង ២០០នាក់ហើយ នៅក្នុងខេត្តចំនួន៥ គឺខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ នៅក្នុងគម្រោងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្នុងផែនការចុះទៅដល់គ្រប់ខេត្តទាំងអស់នាពេលខាងមុខនេះ៕



ប្រភព៖ ក្រសួងព័ត៍មាន