រដ្ឋបាលព្រៃឈើ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណី «ដំរីឡាក់គី និងលោក ទ្រី ស៊ីថេង» ហើយ
យោងតាមការចេញសេចក្តីប្រកាសរបស់ រដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។

ក្នុងនោះ រដ្ឋបាលព្រៃឈើ បានបន្ថែមថា ថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានសរសេរមាតិកាពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គី ដែលគួរ ឱ្យអាណិត ក្រោយពីអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ។ ករណីនេះ រដ្ឋបាលព្រៃឈើសូមធ្វើការជម្រាប ជូនសាធារណជនជ្រាបថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។ លោក ទ្រី ស៊ីថេង ត្រូវ បានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។ ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ៕


ប្រភព៖ រដ្ឋបាលព្រៃឈើ