តំណាងរាស្ត្រម្នាក់ស្រែកយំមុខកញ្ចក់ទូរទស្សន៍ក្រោយទទួលសន្លឹកឆ្នោតគាំទ្រតែ ៥ សំឡេង ខណៈគាត់មានសមាជិកគ្រួសាររហូតដល់ទៅ ៩ នាក់
ឥណ្ឌា៖ បេក្ខជនតំណាងរាស្ត្រឥណ្ឌាម្នាក់បានស្រែកយំយ៉ាងខ្លាំងតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីគាត់ទទួលបានសន្លឹកឆ្នោតគាំទ្រត្រឹមតែ ៥ សំឡេងប៉ុណ្ណោះ ខណៈដែលគាត់មានសមាជិកគ្រួសាររហូតដល់ទៅ ៩ នាក់បាត់ទៅហើយសម្រាប់បោះឆ្នោតគាំទ្រគាត់ ។ បេក្ខជនតំណាងរាស្ត្ររូបនេះមានឈ្មោះថា Neetu Shutteran Wala ឈរឈ្មោះជាបេក្ខជនឯករាជ្យមួយរូបនៅក្នុងក្រុង Jalandhar រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា។ មុនពេលឈានដល់ការឈរឈ្មោះ បេក្ខជនរូបមានត្រូវបានប្រជាពលរដ្ឋនៅក្នុងតំបន់ដែលគាត់កំពុងរស់នៅគាំទ្រជាច្រើននាក់ ហើយជាក់ស្តែងសូម្បីតែសមាជិកក្នុងគ្រួសាររបស់គាត់ដែលត្រូវបោះឆ្នោតគាំទ្រគាត់ ១០០% នោះក៏មានចំនួនរហូតដល់ ៩ នាក់ដែរ តែលទ្ធផលបានបង្ហាញថា គាត់ទទួលបានសំឡេងគាំទ្រត្រឹមតែ ៥ ប៉ុណ្ណោះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានមកពីស្ថានីយ៍ទូរទស្សន៍ គាត់បានយំបណ្ដើរ និងនិយាយបណ្តើរថា ម៉ាស៊ីនសម្រាប់បូកសន្លឹកឆ្នោតប្រាកដជាមានបញ្ហាហើយ ទើបបូកលទ្ធផលឆ្នោតខុសដូចនេះ។ គាត់បានបន្តថា គាត់រំពឹងនឹងទទួលបានសំឡេងគាំទ្រច្រើនជាងលទ្ធផលដែលបានបង្ហាញពេលនេះខ្លាំងណាស់ មិនគួរណាបានតែ ៥ សំឡេងដូចនេះទេ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានដំណោះស្រាយណាមួយជុំវិញករណីនេះនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
