អន្តរជាតិ

វៀតណាមនឹងប្រើវិធានការក្តៅ ចំពោះពលរដ្ឋខ្លួនរូបណា ដែលហ៊ានឈរឈ្មោះទិញដីធ្លីឲ្យជនបរទេស

BY
autoadmin
May 28, 2019

ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បាននិយាយថា រដ្ឋាភិបាលវៀតណាមនឹងប្រើវិធានការក្តៅដើម្បីបញ្ឈប់ករណីពលរដ្ឋវៀតណាមធ្វើជាភ្នាក់ងារជំនួស សម្រាប់ការទិញដីទៅឱ្យជនបរទេស។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានកើតមាន បន្ទាប់ពីសមាជិកសភានៅក្នុងសម័យប្រជុំសភារបស់ប្រទេសវៀតណាម កំពុងមានការព្រួយបារម្ភលើការទិញអចលនទ្រព្យនៅក្នុងប្រទេសនេះ ដោយហេតុថា ជនបរទេសអាចទិញបានត្រឹមតែអាផាតមិនប៉ុណ្ណោះ ប៉ុន្តែមិនអាចទិញផ្ទះ ឬដីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានទេ។ ដូច្នេះហើយទើបពួកគេមានការព្រួយបារម្ភចំពោះប្រជាជនវៀតណាមណាម្នាក់ ដែលដើរតួជាអ្នកជំនួសមុខ (Proxies) ទិញដីឱ្យទៅពួកបរទេសនេះ។

លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យក្រុងហូជីមិញបានឱ្យដឹងមុននេះថា មានតម្រូវការអចលនទ្រព្យនៅទីក្រុងហូជីមិញកំពុងកើនឡើងក្នុងចំណោមអ្នកវិនិយោគិនចិន។ លោក Chau បាននិយាយថា ការព្រួយបារម្ភធំបំផុតនោះគឺថា ពួកបរទេសបានសុំឱ្យជនជាតិវៀតណាម ដើម្បីជួយពួកគេក្នុងការទិញអចលនទ្រព្យទាំងនោះ ដែលសូម្បីតែអចលនទ្រព្យដែលមានតម្លៃថ្លៃៗ។ គណៈប្រតិភូរដ្ឋសភាតំណាងឱ្យទីក្រុង Da Nang បាននិយាយកាលពីខែវិច្ឆិកាថា មានការកើនឡើងនៃការទិញដីដោយជនជាតិចិននៅតាមបណ្តោយឆ្នេរសមុទ្ររបស់ពួកគេ ហើយសមាជិកសភាបានទាមទារឱ្យបញ្ឈប់នូវនិន្នាការនេះ។ ពួកសភាក៏បានដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីស្នើឱ្យវៀតណាម «ហាមឃាត់មិនឱ្យជនជាតិវៀតណាមណាម្នាក់ធ្វើជាអ្នកជួសមុខឱ្យជនបរទេស ដើម្បីធ្វើការទិញដី» ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ vnexpress

Share This Post: