ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតអាមេរិក អបអរសាទរខួប១៧ឆ្នាំ ប្រាសាទព្រះវិហារ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក

    BY SOMATEY July 7, 2025
    ស្ថានទូតអាមេរិក អបអរសាទរខួប១៧ឆ្នាំ ប្រាសាទព្រះវិហារ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ បានចូលរួមអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

    នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប១៧ឆ្នាំ ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃ​របស់កម្ពុជា ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងកេប៊ិច ប្រទេសកាណាដា។

    បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihearទាំងជំនួយថវិកានិងបច្ចេកទេសលើការងារអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទព្រះវិហារ។

    ត្រឡប់ទៅរកកាលពីជិត២០ឆ្នាំមុន ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស នៅឆ្នាំ២០០១សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើលិខិត ទៅអង្គការយូណេស្កូដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាពនៃគោលនយោបាយបរទេសរបស់កម្ពុជា។

    នៅឆ្នាំ២០០៦គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជាហើយបានបញ្ជូន ក្រុមការងារជំនាញ បានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ ២០០៧។ថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧ សម័យប្រជុំលើកទី៣១ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រៃឆឺច ប្រទេសណូវែលសេឡង់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យសំណុំឯកសារទាំងអស់ពាក់ព័ន្ធនឹងសំណើនេះ។ ពេលនោះគណៈកម្មា ធិការបានទទួលស្គាល់ថា ប្រាសាទព្រះវិហារមានសារសំខាន់ជាអន្តរជាតិ ហើយយល់ព្រមជាគោលការណ៍ ចំពោះការប្រកាសដែលត្រូវតែដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភព ។

    បន្ទាប់ពីការសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់រួចហើយនោះ ក្នុងកិច្ចប្រជុំលើកទី៣២នៅទីក្រុងកេបិចប្រទេសកាណាដា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានសម្រេចដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

    ការណ៍ដែលអង្គការយូណេស្កូសម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺជាជោគជ័យដ៏មហាសាល របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារបន្ទាប់ពី ទាមទារសិទ្ធិ ក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ក្រោមព្រះរាជបូជនីយកិច្ច ដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

    ជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមា ប្រជាពលរដ្ឋខ្មែរនៅទូទាំង ប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង បាននាំគ្នាស្រែកជ័យឃោស ដុតទៀនទូងស្គរ ប្រគំតន្ត្រីជាដើម។

    ជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការតស៊ូមតិលើឆាកអន្តរជាតិនោះគឺការទាមទារឱ្យតុលាការអន្តរជាតិទី ក្រុងឡាអេ បកស្រាយឡើងវិញ នូវសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ជាលទ្ធផលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិបានយល់ស្របតាមសំណើរបស់កម្ពុជា ដោយបានដាក់ចេញនូវវិធានការបន្ទាន់ដែលតម្រូវឱ្យភាគី ទាំងពីរដកទ័ពចេញពីតំបន់គ្មានកងទ័ព បណ្តោះអាសន្នទំហំ ១៧,៣គីឡូម៉ែត្រក្រឡា ព្រមទាំងបានឯកភាពទទួលពិនិត្យលើ សំណើរបស់កម្ពុជា សូមឲ្យបកស្រាយសាលដីកា ឆ្នាំ១៩៦២នេះ។

    នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលប្តឹងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាសម្បត្តិរបស់កម្ពុជា។

    ការសម្រេចនេះ គឺជោគជ័យដ៏ធំរបស់ជាតិកម្ពុជាទាំងមូល ក្នុងការប្រឹងប្រែងរក្សាឲ្យបាន នូវទ្រព្យសម្បត្តិរបស់កម្ពុជា ដែលបន្សល់ទុកដោយដូនតា ដូចដែលសម្តេចតេជោ ហ៊ុន សែន តែងតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ថា មិនអនុញ្ញាតឱ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រនោះឡើយ។

    យោងតាមឯកសារបានបង្ហាញថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសចំពោះព្រះឥសូរ

    ក្នុងសាសនាព្រាហ្មណ៍ ដែលប្រាសាទព្រះវិហារនេះត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។

    ប្រាសាទព្រះវិហារជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែកមានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាបនិងប្រមាណ ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។

    ក្រោយការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទីនោះក៏បានក្លាយទៅជាចំណាប់នៃ ទេសចរជាតិនិងអន្តរជាតិផងដែរ។

     

    Share This Post: