ទាំងនេះជាលក្ខណៈពិសេស នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដានេះ កាលពីឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុកនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសម្រេចអនុម័តបញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូ(Cracovie) ប្រទេសប៉ូឡូញ។

សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ មិនមែនកើតឡើងដោយឯកឯងទេ។ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការបច្ចេកទេស ដឹកនាំដោយលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា និងមន្រ្តីជំនាញ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី០២-១២ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩:៣៧នាទី (ម៉ោងនៅប្រទេសកម្ពុជា)យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូ(Cracovie) ប្រទេសប៉ូឡូញ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសរំលេចឱ្យឃើញថា មានលក្ខណៈពិសេសបីយ៉ាង ដែលនាំឱ្យការសម្រេចដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាបេតិកភណ្ឌពិភពលោកមាន៖ ទី១.តម្លៃលេចធ្លោជាសាកល ,ទី២.ការរក្សាបាននូវបុរាណភាព និងទី៣.សភាពដើមរបស់ប្រាសាទ។
បន្តទៅនេះសូមមកដឹងដោយសង្ខេបអំពីប្រាសាទសំបូរព្រៃគុកដែលជាមោទនកជាតិខ្មែរ និងជាមរតកនៃបុព្វបុរសខ្មែរ។
ប្រាសាទសំបូរព្រៃគុក គឺជារមណីយដ្ឋានបុរាណក្នុងខេត្តកំពង់ធំ ស្ថិតនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ភាគខាងជើងនៃទីរួមខេត្ត ,ចម្ងាយ ១៧៦ គីឡូម៉ែត្រខាងកើតអង្គរ និង ២០៦ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីភ្នំពេញ។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡាក្នុងចន្លោះចុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ។ រាជធានីបុរាណខ្មែរមួយនេះ បានកត់ត្រាក្នុងសៀវភៅកំណត់ត្រារបស់បេសកជនចិនជាលើកដំបូងក្នុងសន្តតិវង្សថាង នាពាក់កណ្តាលទីមួយនៃសតវត្សទី៧។ នៅសម័យកាលនោះ ព្រះរាជាមានអំណាចគ្រប់គ្រងលើអាណាចក្រខ្មែរទាំងមូល រួមទាំងភាគខាងត្បូងប្រទេសឡាវ និងប្រទេសថៃបច្ចុប្បន្ន។
សំណល់បុរាណជាច្រើននៅក្នុងរាជធានីឦសានបុរៈ ស្ថិតក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក សព្វថ្ងៃមានជាអាទិ៍៖ ប្រាសាទឥដ្ឋ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាដទៃទៀត។ សំណង់ទាំងនោះ បានឆ្លុះបញ្ចាំងអំពីដំណាក់កាលនៃការរីកចម្រើនរបស់អារ្យធម៌ខ្មែរនាសម័យនោះ។ សំណង់ស្ថាបត្យកម្ម និងសិល្បៈបានបង្ហាញពីការទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា ទន្ទឹមនឹងការរក្សានូវវប្បធម៌ក្នុងស្រុក ដែលនេះបញ្ជាក់ពីដំណើរនៃការទទួលឥទ្ធិពលឥណ្ឌា និងនាំមកនូវលក្ខណៈឯកនៃវប្បធម៌ខ្មែរ។ ស្ថាបត្យកម្ម និងក្បូរក្បាច់រចនានៃចម្លាក់នៅលើតួប្រាសាទរាង៨ជ្រុង ដែលអ្នកស្រាវជ្រាវហៅថាប្រាសាទអណ្តែត និងក្បាច់រចនាលម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ក្នុងសិល្បៈខ្មែរ។ រមណីយដ្ឋាននេះ បានស្ថាបនាឡើងជាបន្តបន្ទាប់អស់រយៈពេលប្រហែល៥០០ឆ្នាំ ដែលរំលេចឱ្យឃើញតួប្រាសាទ បដិមា និងស្នាដៃសិល្បៈជាច្រើនស្ថិតនៅកណ្តាលព្រៃ ជិតក្រុងកំពង់ធំ។
សូមជម្រាបថា គិតមកដល់ពេលនេះ បេតិកភណ្ឌរូបីនៃមនុស្សជាតិ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ដែលត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកមាន៖
១.បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖
– តំបន់រមណីយដ្ឋានអង្គរ ចុះបញ្ជីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក
– ប្រាសាទព្រះវិហារ ចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា
– តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ
– រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។
២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖
– របាំព្រះរាជទ្រព្យ ចុះបញ្ជីនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី
- ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង
– ល្បែងទាញព្រ័ត្រ ចុះបញ្ជីនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី
– ចាប៉ីដងវែង ចុះបញ្ជីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី
– ល្ខោនខោលវត្តស្វាយអណ្តែត ចុះបញ្ជីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស
– គុនល្បុក្កតោ ចុះបញ្ជីនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ។
៣. បញ្ជីស្មារតីចងចាំនៃពិភពលោក៖
– បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះបញ្ជីនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស
– ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះបញ្ជីនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន
– រឿងអ៉ីណាវ បុស្សិបា ចុះបញ្ជីនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕







ប្រភព៖ ក្រសួងព័ត៌មាន