ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀនមួយនៅឥណ្ឌាឲ្យសិស្សបង់ថ្លៃសិក្សា ជាកាកសំណល់ប្លាស្ទិក

    BY autoadmin May 29, 2019
    សាលារៀនមួយនៅឥណ្ឌាឲ្យសិស្សបង់ថ្លៃសិក្សា ជាកាកសំណល់ប្លាស្ទិក

    ឥណ្ឌា៖ ក្នុងបំណងលើកទឹកចិត្តឪពុកម្តាយក្រីក្រឱ្យបញ្ជូនកូនរបស់ពួកគេទៅសាលារៀនជំនួសឱ្យការបញ្ជូនពួកគេឱ្យទៅធ្វើការនៅតាមរោងចក្រកិនថ្ម សាលារៀនតូចដើម្បីសិស្សក្រីក្រមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា បានចាប់ផ្តើមឱ្យពួកក្មេងៗទាំងនោះធ្វើការកែច្នៃសំណល់ប្លាស្ទិក ដើម្បីយកមកធ្វើជាថ្លៃសិក្សារបស់ពួកគេ។ សាលារៀនមួយនោះមានឈ្មោះថា Akshar Forum មានទីតាំងស្ថិតនៅភូមិ Pamohi នៅទីក្រុង Guwahati ហើយកាលពីពេលថ្មីៗនេះ ពួកគេបានអនុវត្តគោលនយោបាយថ្មីស្របតាមកម្មវិធីកែច្នៃឡើងវិញ ដែលចាប់ផ្តើមកាលពី ៦ ខែមុន។

    យោងតាម Homegrown របស់ឥណ្ឌាបានឱ្យដឹងថា សាលារៀននេះត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០១៦ ដោយលោក Parmita Sharma និងលោក Mazin Mukhtar ដោយមានគោលបំណងបណ្តុះបណ្តាលសិស្សឱ្យចេះ «រកប្រាក់ចំណូល ដោយការទទួលខុសត្រូវចំពោះរដ្ឋាភិបាល» ។ តាំងពីពេលនោះមកសាលាបានផ្តល់នូវការអប់រំពិសេស ដែលខិតខំជួយកូនសិស្សឱ្យស្វែងយល់ពីភាពច្នៃប្រឌិតរបស់ខ្លួន។ ដោយគ្មានការដាក់កម្រិតសិស្សជាមួយនឹងកម្មវិធីសិក្សាថេរ (fixed curriculum) សាលា Akshar អនុញ្ញាតឱ្យសិស្សបង្កើតជំនាញផ្ទាល់ខ្លួន និងទេពកោសល្យរបស់ពួកគេដោយសមត្ថភាពរបស់ពួកគេផ្ទាល់។

    យោងតាមនាយករងសាលា Akshar លោក Priyongsu Bortakur បានឱ្យដឹងថា សាលានេះបានចាប់ផ្តើមប្រមូលសំរាមប្លាស្ទិកពីគ្រួសារក្នុងតំបន់ជុំវិញនោះកាលពី ៦ ខែមុន ដើម្បីចាប់ផ្តើមកម្មវិធីកែច្នៃឡើងវិញដែលពាក់ព័ន្ធនឹងការប្រមូលសំរាម និងការបំផ្លាញសំរាម។ លោក Borthakur បាននិយាយថា៖ «គំនិតនេះគឺដើម្បីហ្វឹកហាត់ដល់សិស្សនិស្សិត ក្នុងការយល់ដឹងពីរបៀបរស់នៅក្នុងបរិស្ថានអំណោយផល» «កម្មវិធីកែច្នៃឡើងវិញទាំងស្រុងនេះ ត្រូវបានអនុវត្តដោយសិស្សតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់»។

    សិស្សត្រូវមានភារកិច្ចប្រមូលយកកាកសំណល់ប្លាស្ទិចពីផ្ទះក្បែរៗសាលា ដោយញែកពួកវាឱ្យដាច់ដោយលែក ហើយបន្ទាប់មកជួសជុលប្លាស្ទិកតាមវិធីផ្សេងៗគ្នា។ អនុវត្តយុទ្ធសាស្ត្រប្រមូលសំរាមប្លាស្ទិកដល់គ្រួសារសិស្ស ខាងសាលារៀនអនុវត្តគំនិតនៃការមិនទទួលយកថ្លៃសិក្សាអ្វីទាំងអស់ ប៉ុន្តែសាលាចង់បានសំណល់ប្លាស្ទិកស្ងួតពីសិស្សសម្រាប់ជាថ្លៃសិក្សារបស់ពួកគេ។ គោលនយោបាយថ្មីនេះមិនត្រឹមតែជួយដោះស្រាយបញ្ហាកាកសំណល់នៅក្នុងភូមិរបស់ពួកគេទេ ប៉ុន្តែវាក៏ជួយលើកទឹកចិត្តសិស្សក្រីក្រឱ្យចូលរៀននឹងគេផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: