ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នឹងធ្វើជាទីលានប្រកួតអាវុធអាស៊ាន

    BY SOMATEY July 14, 2025
    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នឹងធ្វើជាទីលានប្រកួតអាវុធអាស៊ាន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ពីទឹកដីខេត្តកំពង់ឆ្នាំង សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រកាសថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នឹងធ្វើជាទីលានប្រកួតអាវុធអាស៊ាន នៅពេលអនាគត ដើម្បីបង្ហាញឥទ្ធិពលកម្ពុជានាពេលបច្ចុប្បន្នមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរៀបចំហ្វឹកហ្វឺនពហុសាស្ត្រ។

    ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃចន្ទទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាបានសុំផ្លោះមិនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកូតអាវុធអាស៊ានកន្លងមក ដោយសារមិនទាន់មានទីលានសម្រាប់ហ្វឹកហ្វឺនកម្រិតពហុសាស្ត្រ។

    សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា «ការប្រកួតអាវុធអាស៊ានក៏យើងអាចប្រើនៅទីនេះ ខ្ញុំគិតថា ឯកឧត្តម ម៉ៅ សុផាន់ បានកក់នៅទីនេះរួចហើយ កាលខ្ញុំនៅមេជើងគោកដល់វេនដែលយើងធ្វើជាម្ចាស់ផ្ទះ យើងអត់មានទីលាន យើងផ្លោះ ឥឡូវមានទីលានហើយ ឯកឧត្តម ម៉ៅ សុផាន់ អត់មានធ្វើការផ្លោះទៀតទេ ត្រូវតែរៀបចំ ដើម្បីបង្ហាញនូវសក្ដានុពលរបស់យើង និងដូចជា លក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កម្ពុជា ក្នុងការទទួលធ្វើម្ចាស់ផ្ទះទាំងវិស័យការពារជាតិ និងការហ្វឹកហ្វឺនពហុសាស្ត្រក្នុងក្របខណ្ឌអាស៊ានដែលជាសមិទ្ធផលធំដែលខ្ញុំសុំធ្វើការកោតសរសើរនិងធ្វើការថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះថ្នាក់ដឹកនាំទាំងអស់ដែលបានចូលរួម ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា»។

    សូមជម្រាបជូនថា ស្របតាមការវិវត្តសភាពការណ៍ជាតិ និងអន្តរជាតិ កងរាជអាវុធហត្ថ បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំង ប្រព័ន្ធដឹកនាំបញ្ជា កំណត់តួនាទីភារកិច្ចច្បាស់លាស់ របៀបរបបការងារស៊ីសង្វាក់ប្រទាក់ក្រឡា។ ចំណែកឯ ការកសាងធនធានមនុស្សក្នុងកងរាជអាវុធហត្ថ៖ ទី១- មានគុណភាព ក្រមសីលធម៌ ស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ការពារប្រជាជន ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិសុខ។ ទី២- ផ្តល់ឱ្យយោធិននៃកងរាជអាវុធហត្ថ មានភាពស្ទាត់ជំនាញផ្នែកវិជ្ជាជីវៈ។ និងទី៣- ឱ្យចេះគ្រប់គ្រង ប្រើប្រាស់ ថែទាំមធ្យោបាយ យុទ្ធោឧបករណ៍ គ្រឿងបំពាក់។

    ការងារគោលនយោបាយវិញបានលេចធ្លោ ដោះស្រាយទុក្ខលំបាកដល់យោធិនៃកងរាជអាវុធហត្ថ អតីតយោធិន និងគ្រួសារអាវុធហត្ថ តាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ គឺកសាងបានធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង មានគោលជំហរនឹងនរត្រឹមត្រូវ ច្បាស់លាស់ ស្មោះត្រង់ ជឿជាក់ ដើរតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

    ជាមួយគ្នានោះ ក៏បានបំពាក់មធ្យោបាយ សម្ភារ ក្រៅពីគោលរបបរដ្ឋ និងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត កងរាជអាវុធហត្ថ បានម្ចាស់ការទិញបំពាក់បណ្ដើរៗ ដើម្បីបម្រើកិច្ចប្រតិបត្តិការ និងហ្វឹកហ្វឺន ពីថ្នាក់ជាតិ ដល់ថ្នាក់រាជធានី ខេត្ត និងបានយកចិត្តទុកដាក់ថែទាំគត់មត់នូវមធ្យោបាយ យុទ្ធោបករណ៍ សម្ភារ គ្រឿងបំពាក់ដែលមានស្រាប់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: