របាយការណ៍របស់ DBS បានបង្ហាញថា សេដ្ឋកិច្ចវៀតណាមអាចនឹងវ៉ាដាច់ប្រទេសសិង្ហបុរីនៅត្រឹម ឆ្នាំ២០២៩
យោងតាមធនាគារ DBS ដែលស្ថិតនៅក្រោមក្រុមហ៊ុន DBS Group Holdings របស់សិង្ហបុរីបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមអាចនឹងកើនឡើងរហូតដល់ ៦.៥% ក្នុងមួយឆ្នាំៗក្នុងរយៈពេល ១០ឆ្នាំ ខាងមុខទៀត ហើយអាចនឹងវ៉ាដាច់សិង្ហបុរីនៅត្រឹម ឆ្នាំ២០២៩ ។ លោក Irvin Seah សេដ្ឋវិទូជាន់ខ្ពស់របស់ DBS បានថ្លែងនៅក្នុងរបាយការណ៍ស្រាវជ្រាវកាលពីថ្ងៃអង្គារថា មូលដ្ឋានគ្រឹះដែលរួមមានការបង្កើនផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធ ទប់ទល់នឹងស្ថានភាពតឹងតែក្នុងសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក បានធ្វើឱ្យវៀតណាមក្លាយជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។

យោងតាមរបាយការណ៍បានឱ្យដឹងថា សេដ្ឋកិច្ចរបស់វៀតណាមមានសក្ដានុពលក្នុងការបន្តលូតលាស់ក្នុងអត្រាចន្លោះពី ៦% ទៅ ៦.៥% នៅក្នុងរយៈពេល ១០ឆ្នាំ ដោយមាន ៥.៥% ទទួលបានពីកំណើនផលិតកម្ម និង ១% តាមរយៈកំណើនប្រជាជនអាយុគ្រប់ធ្វើការ នេះវាមានន័យថា ប្រហែល ៦៩% នៃទំហំសេដ្ឋកិច្ចរបស់សិង្ហបុរី។ លោក Irvin Seah បានព្យាករណ៍ថា៖ «តែប៉ុណ្ណឹងអាចនិយាយបានថា សេដ្ឋកិច្ចវៀតណាមនឹងធំជាងទំហំសេដ្ឋកិច្ចប្រទេសសឹង្ហបុរីក្នុងរយៈពេល ១ ទសវត្សរ៍ទៀត ប្រសិនបើសឹង្ហបុរីមិនមានកំណើនសេដ្ឋកិច្ច ហើយសេដ្ឋកិច្ចវៀតណាមកាន់តែកើនឡើងឆាប់រហ័ស ក្នុងល្បឿន ២.៥%»។
របាយការណ៍នេះក៏បានឱ្យដឹងថា រដ្ឋាភិបាលកំពុងធ្វើ «កិច្ចខិតខំប្រឹងប្រែងដោយចេតនា ដើម្បីលើកទឹកចិត្តការវិនិយោគ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ»។ ទីតាំងភូមិសាស្រ្តរបស់ប្រទេសវៀតណាមគឺស្ថិតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួន ដែលបែបនេះហើយទើបវៀតណាមក្លាយជា «ទីតាំងអំណោយផល ដើម្បីទទួលបានផលប្រយោជន៍ពីជម្លោះពាណិជ្ជកម្មដែលកំពុងកើតមាន» រវាងសហរដ្ឋអាមេរិក និងប្រទេសចិន៕



អត្ថបទ៖ លីដា
ប្រភព៖ vnexpress