៥ គន្លឹះជួយជំរុញទឹកចិត្តឲ្យលោកអ្នកអាចសន្សំលុយបានច្រើន
មនុស្សជាច្រើនបានបរាជ័យក្នុងការសន្សំលុយ ដោយពួកគេតែងកុហកខ្លួនឯងថា ចាំថ្ងៃនេះចាំថ្ងៃនោះចាំសន្សំលុយ ពេលខ្លះប្រាប់ខ្លួនឯងថាប្រាក់ខែនៅតិចនៅឡើយមិនទាន់ដល់ពេលត្រូវសន្សំលុយនោះទេ ឬអ្នកខ្លះតែងចាយវាយខ្ជះខ្ជាយលើសប្រាក់ចំណូលរាល់ខែទើបចុងខែគ្មានឃើញប្រាក់នៅសល់ទាល់តែសោះ។ តាមការពិតអ្នកណាក៏អាចសន្សំលុយបានដែរគ្រាន់តែខុសគ្នាត្រង់ថា អ្នកមានចំណូលច្រើនអាចសន្សំបានច្រើន ខណៈដែលអ្នកមានចំណូលតិចអាចសន្សំបានតិចតួចដែរ តែកុំមើលងាយលុយតិចតួចនេះឲ្យសោះព្រោះពេលលោកអ្នកបន្តសន្សំវាក្នុងរយៈពេលយូរវានឹងក្លាយជាចំនួនដ៏ច្រើនមួយ។ ផ្ទុយទៅវិញបើលោកអ្នកមិនព្រមចាប់ផ្ដើមសន្សំលុយពីតិចតួចទៅទេ លោកអ្នកនឹងគ្មាននៅសល់អ្វីទាំងអស់។ ដើម្បីជួយជំរុញទឹកចិត្តឲ្យលោកអ្នកអាចសន្សំលុយបាន លោកអ្នកគួរសាកល្បងអនុវត្តវិធីខាងក្រោមនេះ៖
១. ចាប់ផ្ដើមដកលុយចេញពីប្រាក់ចំណូលរបស់លោកអ្នកខ្លះយកទៅសន្សំទុក ដោយមិនចាំបាច់ខ្វល់ថាត្រូវចំណាយអ្វីនោះទេ ហើយត្រូវរៀនរស់នៅជាមួយនឹងលុយដែលនៅសល់។ ការបង្កើតទម្លាប់ថ្មីក្នុងការរស់នៅអាចនឹងពិបាកនៅក្នុងពេលចាប់ផ្ដើម តែក្រោយអនុវត្តបាន ៩០ ថ្ងៃវានឹងក្លាយជាទម្លាប់ដ៏ល្អមួយសម្រាប់លោកអ្នក។
២. នៅពេលដែលលោកអ្នកមានទម្លាប់សន្សំប្រាក់ហើយ លោកអ្នកអាចសាកល្បងបន្ថែមនូវចំនួនដែលត្រូវសន្សំបន្តិចម្តងៗ រហូតដល់ចំនួនមួយដែលលោកអ្នកគិតថា មានតុល្យភាពរវាងប្រាក់ចំណូល ការចំណាយ និងប្រាក់ត្រូវសន្សំ។
៣. ព្យាយាមកាត់បន្ថយការចំណាយមិនចាំបាច់ផ្សេងៗទោះបីក្នុងបរិមាណតិចតួចក៏ដោយ ដូចជាការញ៉ាំអាហារនៅខាងក្រៅ ឬសេវាកម្មបោកគក់ ហើយព្យាយាមធ្វើវាដោយខ្លួនឯង។
៤. ព្យាយាមបន្ថែមខ្ទង់ប្រាក់ដែលត្រូវសន្សំ ឧទាហរណ៍ថាលោកអ្នកត្រូវសន្សំ ១៧ ដុល្លារ លោកអ្នកគួរព្យាយាមបន្ថែមឲ្យគ្រប់ ២០ ដុល្លារតែម្តងទៅ។ គោលការណ៍បន្ថែមដូចនេះនឹងជួយឲ្យលោកអ្នកឆាប់សន្សំលុយបានច្រើន។
៥. បង្កើនការសន្សំទេ្វដង។ បើលោកអ្នកធ្លាប់តែសន្សំ ១០ ដុល្លារ តែក្រោយពេលដែលស៊ាំជាមួយនឹងទម្លាប់សន្សំលុយហើយ លោកអ្នកអាចសាកល្បងបន្ថែមការសន្សំទ្វេដងទៅជា ២០ ដុល្លារម្តង។ វាអាចនឹងពិបាកបន្តិច តែបើលោកអ្នកអាចធ្វើបានគឺលោកអ្នកអាចសន្សំលុយបានយ៉ាងលឿន៕

អត្ថបទ៖ ភក្តី
ប្រភព៖ nbcnews