ការសិក្សាថ្មីបានបង្ហាញថា លោកអ្នកអាចផឹកកាហ្វេរហូតដល់ ២៥ពែង ក្នុងមួយថ្ងៃដោយគ្មានបញ្ហា
ក្រុមអ្នកវិទ្យាសាស្រ្ដបាននិយាយថា អ្នកចូលចិត្តផឹកកាហ្វេអាចស្ងប់ចិត្តបានហើយ ព្រោះការសិក្សាថ្មីបានបង្ហាញថា ពួកអាចផឹកកាហ្វេបានរហូតដល់ ២៥ពែង ក្នុងមួយថ្ងៃដោយមិនមានផលអាក្រក់ចំពោះបេះដូងរបស់ពួកគេនោះទេ។ ការស្រាវជ្រាវពីមុនមួយចំនួនបានណែនាំថា កាហ្វេធ្វើឱ្យសរសៃឈាមអារទែឡើងរឹង ដែលវាបានព្រមានឱ្យអ្នកផឹកកាហ្វេកាត់បន្ថយការរបបនៃការផឹកកាហ្វេរបស់ពួកគេ។ ប៉ុន្តែការសិក្សាថ្មីមួយលើមនុស្សជាង ៨,០០០នាក់ នៅទូទាំងចក្រភពអង់គ្លេសបានរកឃើញថា ការផឹកកាហ្វេ ៥ពែង ឬរហូតដល់ ២៥ពែង ក្នុងមួយថ្ងៃ គឺមិនអាក្រក់ចំពោះសរសៃឈាមអាក់ទែរជាងការផឹកកាហ្វេតិចជាង ១ពែង ក្នុងមួយថ្ងៃនោះទេ។

ការស្រាវជ្រាវនេះត្រូវបានផ្តល់ដោយមូលនិធិដោយមូលនិធិបេះដូងអង់គ្លេស (BHF) ត្រូវបានបង្ហាញនៅឯសន្និសិទសមាគមន៍ជំងឺសរសៃឈាមបេះដូងអង់គ្លេសនៅទីក្រុង Manchester ។ អ្នកជំនាញមកពីសាកលវិទ្យាល័យ Queen Mary University នៃទីក្រុងឡុងដ៍ បានបែងចែកមនុស្សចំនួន ៨,៤១២នាក់ ជា ៣ក្រុម សម្រាប់ការសិក្សានេះ។ ក្នុងនោះក្រុម ទី១ គឺអ្នកដែលផឹកកាហ្វេតិចជាង ១ពែង ក្នុងមួយថ្ងៃ ហើយក្រុម ទី២ គឺផឹកកាហ្វេពី ១ ទៅ ៣ពែង ក្នុងមួយថ្ងៃ និង ទី៣ គឺក្រុមអ្នកផឹកច្រើនជាង ៣ពែង។
ទីបំផុតពួកគេក៏បានរកឃើញថា ថ្វីបើក្នុងចំណោមមនុស្សទាំង ៣ក្រុម មានចំនួននៃការផឹកកាហ្វេជាមធ្យម ៥ពែង ក្នុងមួយថ្ងៃ ក៏នៅមានអ្នកមួយចំនួនផឹកវារហូតដល់ ២៥ពែង ក្នុងមួយថ្ងៃ ដោយគ្មានបញ្ហា។ អ្នកវិទ្យាសាស្ត្រនិយាយថា សូម្បីតែអ្នកផឹកកាហ្វេរហូតដល់ ២៥ពែង ក្នុងមួយថ្ងៃ ក៏វាមិនមានការប៉ះពាល់ទៅដល់សរសៃឈាមអារទែអ្វីដែរ។ ដូច្នេះហើយការផឹកកាហ្វេតិចជាង ១ពែង និងរហូតដល់ ២៥ពែង ក្នុងមួយថ្ងៃសុទ្ធតែមិនមានតំណភ្ជាប់នឹងបញ្ហាសរសៃឈាមអារទែ ដែលនាំឱ្យកើតមានជំងឺបេះដូងនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Independent