ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គីភ័យដ៏ធំបានឆាបឆេះផ្សារ Chatuchak ឬហៅក្រៅថា JJ ដ៏ល្បីល្បាញរបស់ថៃ បង្កឱ្យមនុស្ស ២នាក់ រងរបួស និងត្របាក់យកហាងទំនិញជាច្រើន

    BY autoadmin June 3, 2019
    អគ្គីភ័យដ៏ធំបានឆាបឆេះផ្សារ Chatuchak ឬហៅក្រៅថា JJ ដ៏ល្បីល្បាញរបស់ថៃ បង្កឱ្យមនុស្ស ២នាក់ រងរបួស និងត្របាក់យកហាងទំនិញជាច្រើន

    យ៉ាងហោចណាស់មានហាងចំនួន ១០០កន្លែង នៅផ្សារ Chatuchak ដ៏ល្បីនៅទីក្រុងបាងកក (Chatuchak Weekend Market) បានឆេះកាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ដោយមានមនុស្ស ២នាក់ ត្រូវបានគេរាយការណ៍ថាបានរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់នាយកដ្ឋានអគ្គីភ័យ និងជួយសង្គ្រោះ នៅក្រុងបាងកកបាននិយាយថា អគ្គីភ័យបានកើតឡើងនៅហាងមួយនៅតាមច្រកទ្វារលេខ ១ របស់ផ្សារ នៅប្រហែលម៉ោង ៩និង ៣០នាទី យប់។ យ៉ាងណាមិញពួកគេបាននិយាយថា អគ្គីភ័យបានស្ថិតនៅក្រោមការគ្រប់គ្រងនៅម៉ោង ១០ និង ០៨នាទី យប់ដដែល។

    យោងតាមគេហទំព័ររបស់ទីផ្សារបានឱ្យដឹងថា ច្រកទ្វារលេខ ១ របស់ផ្សារភាគច្រើនជាតូបលក់សៀវភៅ និង​វត្ថុអនុស្សាវរី​យ៍ ព្រមទាំងហាងលក់ម្ហូបអាហារ និងហាងកាហ្វេផងដែរ។ កាសែតបាងកកប៉ុស្តិ៍ដកស្រង់សម្តីពីអ្នកស្ម័គ្រចិត្តជួយសង្គ្រោះបានរាយការណ៍ថា មានហាងចំនួន ១០០ ត្រូវបានខូចខាត និងមនុស្ស ២នាក់ បានរងរបួស។ មុននេះនាយកដ្ឋានអគ្គីភ័យ និងជួយសង្គ្រោះបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា មូលហេតុនៃអគ្គីភ័យនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។

    ផ្សារ Chatuchak ត្រូវបានគេហៅក្រៅផងដែរថា ជាផ្សារ JJ និងជាទីផ្សារធំបំផុតនៅក្នុងប្រទេសថៃដោយមានស្តង់លក់ច្រើនជាង ១៥,០០០ កន្លែង។ វាក៏ជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុតនៅបាងកក ដោយមានលក់សៀវភៅ សំលៀកបំពាក់ គ្រឿងអលង្ការ ម្ហូបអាហារ គ្រឿងសំអាង វត្ថុបុរាណ និងរុក្ខជាតិ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channelnewsasia

    Share This Post: