ក្មេងប្រុសអាយុ ១៦ឆ្នាំ ម្នាក់គាំងបេះដូងស្លាប់ ដោយសារបាញ់ PUBG ជាង៦ម៉ោង
ក្មេងប្រុសអាយុ ១៦ឆ្នាំ ម្នាក់បានស្លាប់ដោយសារគាំងបេះដូង (cardiac arrest) ខណៈពេលកំពុងលេងហ្គេម PUBG នៅលើទូរស័ព្ទរយៈពេល ៦ម៉ោង នៅឯរដ្ឋ Madhya Pradesh របស់ឥណ្ឌា។ ក្មេងប្រុសដែលស្លាប់មានឈ្មោះថា Furkan Qureshi ជាសិស្សថ្នាក់ ទី១២ ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅ ថ្ងៃទី២៨ ខែឧសភា នៅពេលដែល Furkan និងគ្រួសាររបស់គាត់ ដែលមានទីលំនៅក្នុងក្រុង Nasirabad នៃរដ្ឋ Rajasthan បានទៅលេងទីក្រុង Neemuch ដើម្បីចូលរួមអាពាហ៍ពិពាហ៍មួយ។ នេះបើតាមសម្តីរបស់លោក Haroon Rasheed Qureshi ដែលជាឪពុក។

យ៉ាងណាមិញប៉ូលីសបាននិយាយថា ពួកគេមិនទាន់បានដឹងច្បាស់អំពីការស្លាប់របស់ Furkan ពីក្រុមគ្រួសាររបស់គាត់នៅឡើយទេ ហេតុដូច្នេះហើយពួកគេនៅមិនទាន់បានចាប់ផ្តើមធ្វើការស៊ើបអង្កេតនៅឡើយ។ លោក Haroon Rasheed ជាឪពុកបានប្រាប់ PTI ថា មុនពេលដែល Furkan សន្លប់បាត់មាត់កាលពីថ្ងៃចន្ទ គឺគាត់បានលេងហ្គេម PUBG នៅលើស្មាតហ្វូនរបស់គាត់ ហើយគាត់ថែមទាំងបានស្រែកថា «បំផ្ទុះវាទៅ» (បានន័យថា ឱ្យគប់គ្រាប់បែក) ហើយ Furkan ជាក្មេងដែលសកម្មជាមួយហ្គេមនេះខ្លាំងណាស់។
លោក Haroon Rasheed បន្តថា កូនប្រុសរបស់គាត់ញៀននឹងហ្គេម PUBG នេះណាស់ ដែលគាត់បានលេងវាតាំងពីល្ងាចថ្ងៃអាទិត្យ រហូតដល់ទៀបភ្លឺថ្ងៃចន្ទ។ Furkan ដេកលក់អស់រយៈពេលតែ ២ ទៅ ៣ម៉ោង ហើយក៏ក្រោយឡើងញ៉ាំអាហារពេលព្រឹក ហើយចាប់លេងហ្គេម PUBG នេះម្តងទៀតអស់រយៈពេល ៦ម៉ោង។ Furkan Qureshi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម បន្ទាប់ពីគាត់បានគាំងបេះដូងសន្លប់ស្ងាត់មាត់ឈឹង ប៉ុន្តែជាអកុសលគាត់មិនអាចត្រូវបានស្រោចស្រង់ឱ្យរស់រានឡើងវិញបានទេ៕


អត្ថបទ៖ លីដា
ប្រភព៖ talkesport