ណាត់គ្នានៅ! ព្រឹត្តិការណ៍សមរាត្រីប្រាសាទអង្គរ Equinox Angkor អាចនឹងកើតឡើងនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ខាងមុខនេះ នៅម៉ោង ៥ព្រឹក ដល់ម៉ោង ៦ កន្លះ
(ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ពី បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត «សមរាត្រីប្រាសាទអង្គរ Equinox Angkor» អាចនឹងកើតឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក ដល់ម៉ោង ៦:៣០នាទីព្រឹក។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ទៅកាន់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់មេត្តាជ្រាបថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។
ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺ សមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) ដែលអាចនឹងកើត ឡើងនៅចន្លោះថ្ងៃទី ២១ ដល់ ២៣ ខែកញ្ញា វេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក។
ចំពោះព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរ- ជាតិ-អន្តរជាតិពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយក រូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕


ប្រភព៖ ក្រសួងទេសចរណ៍